ភ្នំពេញ ៖ ត្រឹមតែ រយៈពេល២សប្ដាហ៍ (២-១៥មករា)ប៉ុណ្ណោះ នាដើមឆ្នាំ២០២៤នេះ ក្មេងទំនើងចំនួន១២០នាក់ ត្រូវបានសមត្ថកិច្ច ចំណុះក្រសួងមហាផ្ទៃ ធ្វើការបង្ក្រាប បាននៅទូទាំងប្រទេស សរុប៥១ករណី ដើម្បីចាត់ការតាមនីតិវិធី។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។
លោកថា ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ក៏ដូចជាកម្រិតធ្ងន់បាននិង កំពុងធ្វើការជាមួយ ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ក្រោមបញ្ជាផ្ទាល់ពី ស្នងការនគរបាល រាជធានី-ខេត្ត រហូតប៉ុស្តិ៍ នគរបាលរដ្ឋបាល ទូទាំងប្រទេសបាន ដាក់វិធានការ បង្ការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង ដែលមួយចំនួន សង្កេតឃើញថា បានបង្កើតជាក្រុម នៅតាមភូមិ ឃុំ សង្កាត់ និងគ្រឹះស្ថានអប់រំរដ្ឋ ឯកជនមួយចំនួន។

អ្នកនាំពាក្យរងរូបបញ្ជាក់ថា ករណីបង្ក្រាប ក្មេងទំនើង គឺជាចំណុចអាទិភាពមួយដែលត្រូវដោះស្រាយ នៅទូទាំងប្រទេសក្នុង ចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ តាមទស្សនៈ អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕
