ភ្នំពេញ៖ លោក អាលី អាក់បា ណាហ្សារី (H.E. Mr. Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា បានចំណាប់អារម្មណ៍ខ្ពស់ លើចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មនៅកម្ពុជា ។
ការបង្ហាញចំណាប់អារម្មណ៍របស់ទូតអ៊ីរ៉ង់ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។ ជំនួបនេះដែរ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាល ដោយបានជជែកពិភាក្សាលើការពិនិត្យលទ្ធភាព ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជម្រាបអំពីគោលនយោបាយជាអាទិភាពគន្លឹះ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក៏ដូចជាផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលទើបបានអនុម័ត មាន១៧៤គម្រោង និងត្រូវការទុនវិនិយោគប្រមាណ ៣៦,៦ ពាន់លានដុល្លារផងដែរ។
បន្ទាប់ពីបានស្តាប់ការលើកឡើង របស់លោករដ្ឋមន្រ្តីរួចមក លោកទូតអ៊ីរ៉ង់ បានសំដែងនូវចំណាប់អារម្មណ៍ខ្ពស់ លើចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មនៅកម្ពុជា។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញសុឆន្ទៈ ដោយរំពឹងថា នឹងទទួលបានព័ត៌មានលម្អិត អំពីគម្រោងជាបន្តបន្ទាប់ ដើម្បីបានជាធាតុចូលក្នុងការសិក្សា ឱ្យបានកាន់តែស៊ីជម្រៅ មុននឹងឈានទៅរកកិច្ចសហប្រតិបត្តិការណាមួយ នាពេលអនាគត ៕