ព័ត៌មានជាតិ

នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ពលរដ្ឋឲ្យប្រយ័ត្ន ការឆបោកក្រោមរូបភាព «ប្រាក់-កម្ចីអនឡាញ»

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការប្រាក់កម្ចី ជាពិសេសតាមរយៈអនទ្បាញ ត្រូវមានការប្រុងប្រយ័ត្ន និងពិនិត្យឲ្យបានល្អិតល្អន់មុននឹង សំរេចចិត្តក្នុងការស្នើសុំកម្ចីពីស្ថាប័នណាមួយ ។

ការក្រើនរំលឹករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បន្ទាប់ពីថ្មីៗនេះ មានជនខិលខូចមួយចំនួន បានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ “ក្រោមរូបភាពការផ្តល់កម្ចីប្រាក់តាមអនឡាញ” ដែលមានល្ខណៈងាយស្រួលខ្ចី ដើម្បីទាក់ទាញឲ្យអ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុកចាប់អារម្មណ៍ និងធ្វើការស្នើសុំខ្ចីលុយពីគណនីហ្វេសបុកក្លែងក្លាយទាំងនោះ ក្រោយមកពួកគេធ្វើជាយល់ព្រមផ្តល់ប្រាក់កម្ចី តាមការស្នើសុំ ដោយតម្រូវឲ្យអ្នកខ្ចីថតឯកសារមួយចំនួន ដូចជាអត្តសញ្ញាណរបស់ខ្លួន និងតម្រូវឲ្យវេរលុយទៅឲ្យពួកគេ ជាថ្លៃសេវាផ្សេងៗជាច្រើនលើក ច្រើនសារ តែទីបំផុតប្រាក់កម្ចីក៏មិនបាន ថែមទាំងបាត់បង់លុយដែលបាន វេរទៅឲ្យពួកគេថែមទៀត ៕

To Top