ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រុមហ៊ុនជំនាញកសិកម្ម ឈានមុខ នៅអាស៊ី Wilmar International Group ប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅប្រទេសស្វីសជាទីដែលសម្តេចកំពុងស្នាក់នៅថា ក្រុមហ៊ុនរបស់ខ្លួន មានបំណងក្នុងការ ស្វែងរកឱកាសវិនិយោគ លើដំណាំស្រូវ និងអំពៅ នៅកម្ពុជា ។
ក្នុងជំនួបជាមួយសម្តេចធិបតី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោក Kuok Khoon Hong ប្រធានអគ្គនាយកក្រុមហ៊ុន Wilmar International Group បានប្រាប់សម្តេចធិបតីអំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល រាប់ទាំងការដាំដុះ, ការប្រមូលផល, ការកែច្នៃ, ការវេចខ្ចប់ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។
ជាការឆ្លើយតប សម្តេចធិបតី បង្ហាញការស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគ លើវិស័យកសិកម្មនៅកម្ពុជាដែលជាវិស័យមួយ ប្រកបដោយសក្តានុពល និងជាវិស័យអាទិភាព របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ឱ្យកាន់តែប្រសើរឡើង ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនដែលមានធុរកិច្ចចម្បង ក្នុងវិស័យកសិកម្ម និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ នៅប្រទេសសិង្ហបុរី ។ សព្វថ្ងៃ ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ី ហើយក្រុមហ៊ុនមានបច្ចេកទេសខ្ពស់ ក្នុងវិស័យកសិកម្ម រាប់ចាប់ពីការដាំដុះ, ការកែច្នៃ, ការវេចខ្ចប់, ការផ្គត់ផ្គង់ និងការចែកចាយយ៉ាងទូលំទូលាយ ហើយផលិតផលចម្បង របស់ក្រុមហ៊ុន មានដូចជា៖ ប្រេងដូង ប្រេងធញ្ញជាតិ ម្សៅ និងស្ករ ជាដើម៕