ព័ត៌មានជាតិ

រដ្ឋមន្ត្រីសាធារណការ៖ គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ អំឡុងត្រីមាសទី៤ ឆ្នាំ២០២៤

ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថា គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងសាធារណការ នាថ្ងៃទី១៧ ខែមករានេះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបញ្ជាក់ថា “យើងនឹងមាន គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ” ។

សូមរំលឹកថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថា «ព្រែកជីកហ្វូណនតេជោ» ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធលទ្ធផល រួចរាល់គ្រោងចំណាយទុនវិនិយោគ១ ៧០០លានដុល្លារ។ តាមសិក្សា ផ្លូវទឹកនេះមានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ដៃសមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤រួមមាន ៖ កណ្ដាល តាកែវ កំពត និងកែប ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top