ព័ត៌មានជាតិ

ឃាត់ខ្លួនមេខ្លោងជនជាតិបង់កា្លដេស ២នាក់ ពាក់ព័ន្ធនាំជនបរទេស៥៦នាក់ ឆ្លងដែនខុសច្បាប់ចូលកម្ពុជា

រូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ៖ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យ ជាមេខ្លោងជនជាតិបង់ក្លាដេស២នាក់ ពាក់ព័ន្ធករណីឆបោកនាំជនបរទេស ចម្រុះជាតិសាសន៍ចំនួន ៥៦នាក់ ឆ្លងដែនខុសច្បាប់មកធ្វើការនៅកម្ពុជា ។

យោងតាមហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ មករានេះ បានឲ្យដឹងថា ការឈានទៅដល់ការឃាត់ខ្លួនមេខ្លោង និងជួយសង្គ្រោះជនរងគ្រោះទាំង ៥៦នាក់នេះ បន្ទាប់កម្លាំងជំនាញចុះត្រួតពិនិត្យរដ្ឋបាលចំនួន ២ទីតាំង ទី១-សណ្ឋាគារមួយកន្លែង ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងទី២-ផ្ទះសំណាក់មួយកន្លែង ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ដែលជាទីតាំងសង្ស័យមានជាប់ពាក់ព័ន្ធ ករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ដោយអនុវត្តតាមបណ្ដឹងអន្តរគមន៍ ជួយសង្គ្រោះពីជនជាតិបង់ក្លាដេស កាលពីដើមសប្ដាហ៍កន្លងទៅនេះ ។

ប្រតិបត្តិការនេះដែរធ្វើឡើង ដោយអនុវត្តតាមបណ្ដឹងអន្តរាគមន៍ ជួយសង្គ្រោះពីជនជាតិបង់ក្លាដេស កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនបរទេសចំនួន ៥៨នាក់ ចំនួន ២ទីតាំងក្នុង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយក្នុងនោះជនបរទេស ៥៦នាក់ ជាជនរងគ្រោះ និងជនបរទេសបង់កា្លដេស ២នាក់ សង្ស័យជាមេខ្លោង ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ។

ជាលទ្ធផលកម្លាំងជំនាញបាន ជួយសង្គ្រោះជនបរទេសដែលជាជនរងគ្រោះ ៥៦នាក់ មាន៣សញ្ជាតិ (បង់ក្លាដេស ៥១នាក់, ឥណ្ឌា ៤នាក់ និងស្រីលង្កា ១នាក់) ដែលត្រូវបានមេខ្យល់អូសទាញមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ។ ដោយឡែកសម្រាប់អ្នកមិនចេះអង់គ្លេស និងកុំព្យូទ័រ ត្រូវបញ្ជូនបន្តទៅប្រទេសថៃ និងម៉ាឡេស៊ី ។

បច្ចុប្បន្នជនបរទេសរងគ្រោះទាំង ៥៦នាក់ ដោយមានការសម្របសម្រួលពីក្រសួងសង្គមកិច្ច បានប្រគល់ឲ្យអង្គការ ការីតាសកម្ពុជា-ខេត្តកណ្តាល ចំពោះជនជាតិបង់ក្លាដេស ២នាក់ ដែលសង្ស័យជាមេខ្លោង ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ដោយមានគោលដៅ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តស្រាវជ្រាវស្វែង រកជនសង្ស័យជាជនបរទេស ៤នាក់ទៀត ដែលបានរត់គេចខ្លួនដើម្បីយកមកអនុវត្តតាមនីតិវិធី ៕

To Top