ព័ត៌មានជាតិ

ក្រុមហ៊ុនធំ របស់ឥណ្ឌូនេស៊ី ស្វែងរកឱកាសវិនិយោគ លើវិស័យសុខាភិបាល នៅកម្ពុជា

ភ្នំពេញ៖ នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ដែលជាក្រុមហ៊ុនធំ របស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញបំណងរបស់ខ្លួន ក្នុងការវិនិយោគ លើវិស័យសុខាភិបាល និងអចលនទ្រព្យ នៅកម្ពុជា ។

ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group បាន លើកឡើងអំពីវឌ្ឍនភាព នៃអាជីវកមុ្មរបស់ក្រុមហ៊ុន Lippo Group ដែលកំពុងមានប្រតិបត្តិការ នៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅជុំវិញពិភពលោក និងផ្តោតជាសំខាន់ លើវិស័យអចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ។

ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ ក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណង ក្នុងការវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យ ដែលផ្ដោតលើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ជាមួយតម្លៃសមរម្យ និងការអភិវឌ្ឍន៍លំនៅឋាន ដែលមានតម្លៃទាប នៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយលោកនាយកប្រតិបត្តិ និងសហការី និងអរគុណ ចំពោះក្រុមហ៊ុន Lippo Group ដែលបានបង្ហាញពីបំណង ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

សម្ដេចធិបតីបានគូសបញ្ជាក់ថា ផ្អែកលើបទពិសោធន៍របស់ក្រុមហ៊ុន ក៏ដូចជាភាពស្រដៀងគ្នា នៃវប្បធម៌ប្រពៃណី និងបែបផែនទីផ្សាររបស់កម្ពុជា និង ឥណ្ឌូនេស៊ី ក្រុមហ៊ុននឹងមានលទ្ធភាពយល់ដឹងច្រើន ពីឱកាសនៃការពង្រីកទីផ្សារវិនិយោគ ក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី ក៏បានលើកឡើង អំពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស អំពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតអាទិភាព លើការកសាងធនធានមនុស្ស ជាមួយការយកចិត្តទុកដាក់ លើវិស័យសុខាភិបាល វិស័យអប់រំ បច្ចេកវិទ្យាឌីជីថល និងវិស័យអាទិភាពផ្សេងៗទៀត។

បន្ថែមលើសពីនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីគោលនយោបាយ និងការលើកទឹកចិត្ត របស់រាជរដ្ឋាភិបាលចំពោះវិនិយោគិនបរទេស។

សម្ដេចធិបតីបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុន Lippo Group ពិនិត្យលទ្ធភាព ក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក ដើម្បីពង្រីកការវិនិយោគ ទៅលើវិស័យសក្ដានុពលផ្សេងៗ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

To Top