ព័ត៌មានជាតិ

ក្រុមហ៊ុនឈានមុខសិង្ហបុរី ៖ កម្ពុជា ជាគោលដៅ វិនិយោគដ៏សំខាន់ ក្នុងតំបន់អាស៊ាន

" "

ភ្នំពេញ៖ លោក Lim Boon Heng ប្រធានក្រុមហ៊ុន Temasek Holdings បានលើកឡើងថា កម្ពុជា ជាគោលដៅវិនិយោគដ៏សំខាន់ នៅក្នុងតំបន់អាស៊ាន ។

ការលើកឡើងរបស់ប្រធានក្រុមហ៊ុន ខាងលើនេះធ្វើឡើងក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា អនុញ្ញាតឱ្យ លោក Lim Boon Heng ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។

" "

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានរំឭកអំពីជំនួបរវាងរូបលោក និងសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក ដែលក្នុងនោះ លោកបានសម្ដែងនូវការកោតសរសើរ ចំពោះគំរូវីរៈភាពដឹកនាំ របស់សម្តេចតេជោ ផងដែរ។

" "

លោកប្រធានក្រុមហ៊ុន បានលើកឡើងថា ក្រុមហ៊ុន មានមូលដ្ឋាននៅសិង្ហបុរី និង បាននិងកំពុងមានប្រតិបត្តិការអាជីវកម្ម នៅតាមបណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់ និងពិភពលោក ដោយផ្ដោតលើលើវិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន ទូរគមនាគមន៍ បច្ចេកវិទ្យា និងការផ្សព្វផ្សាយ និង អចលនទ្រព្យ។

លោកប្រធានក្រុមហ៊ុន បានគូសបញ្ជាក់ថា ក្រុមហ៊ុនមានគោលដៅពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត នៅក្នុងតំបន់អាស៊ាន ដែលក្នុងនោះកម្ពុជា ក៏ជាគោលដៅអាទិភាព មួយដែរ។

ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន បានបង្ហាញអំពីបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា លើបច្ចេកវិទ្យាឌីជីថល វិស័យថាមពលកកើតឡើងវិញ និងវិស័យសំខាន់ៗមួយចំនួនទៀត ។

ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ថា គោលនយោបាយ របស់រាជរាជរដ្ឋាភិបាល អាណត្តិទី៧ គឺយកចិត្តទុកដាក់ និងបង្កើតបរិស្ថានគាំទ្ររឹងមាំ សម្រាប់ការវិនិយោគលើគ្រប់វិស័យ ប្រកបដោយចីរភាពនៅកម្ពុជា ហើយកម្ពុជា បានបើកចំហសម្រាប់វិនិយោគិន មកពីគ្រប់ប្រទេសទាំងអស់។

លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខ័ណ្ឌច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការថ្មីៗ ដើម្បីលើកកម្ពស់ គាំពារ និងលើកទឹកចិត្ត ដល់វិនិយោគិនបរទេស ក្នុងនោះសម្ដេចបានបញ្ជាក់ ពីការវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មដោយផ្ដោតលើឧស្សហកម្មជាក់លាក់ ឬភាពជាក់ស្ដែងនៃប្រទេសនីមួយៗ៕

To Top