ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម នៅព្រឹកថ្ងៃ១៨ មករានេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ៍នៅឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានការចូលរួម ពីលោកខ្លួត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី តំណាងដៃគូអភិវឌ្ឍន៍ និងទីប្រឹក្សាបច្ចេកទេស ។
ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ មានប្រឡាយមេចំនួន ១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដី មានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូចធំចំនួន ១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹក ទំនើប បំពាក់ម៉ូទ័រ៧គ្រឿងចំនួនមួយកន្លែង។
ប្រព័ន្ធធារាសាស្ត្រនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុប ចំនួន ១៤ ៤២០ ហិកតា ក្នុងនោះ ផ្ទៃដីរដូវវស្សា ៧ ៦២០ ហិកតា និងផ្ទៃដីរដូវ ប្រាំងចំនួន ៦ ៨០០ ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង។
ថ្លែងក្នុងឱកាសជួបជាមួយសហគមន៍ រដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា គម្រោងប្រព័ន្ធធារាស្រ្តព្រែកពោធិនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយបំពាក់ដោយស្ថានីយបូមទឹកទំនើប បូមទឹកពីប្រភពទន្លេមេគង្គ ដែលមានសក្តានុពល ក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យសម្រាប់បម្រើឲ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ជាមួយគ្នានេះដែរ រដ្ឋមន្រ្តី បានការកោតសរសើរដល់ ក្រុមការងារបច្ចេកទេសសាងសង់ដែលបានខិតខំធ្វើការ បើទោះជាជួបឧបសគ្គ និងបញ្ហាប្រឈមមួយចំនួនក្នុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ក៏ ដោយ។
រដ្ឋមន្ត្រីក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម ត្រូវបន្តតាមដាន និងបន្តសហការជាមួយ អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាឲ្យ សំណង់នេះមានគុណភាព រឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងការផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។
គួរបញ្ជាក់ថា ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីធនាគារ វិនិយោគអឺរ៉ុប និងរដ្ឋាភិបាលនៃ ប្រទេសអូស្រ្តាលី DFAT និងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការ សាងសង់ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តព្រែកពោធិ មានគោលបំណង ដើម្បីទប់ទល់នឹងការប្រែ ប្រួលអាកាសធាតុ ការឡើងកម្តៅនៃភពផែនដី និងធានាបាននូវសន្តិសុខទឹកសម្រាប់គ្រប់វិស័យ។ ជាមួយ គ្នានេះ ក្រសួងធនធានទឹក និងឧតុនិយមគ្រោងបើកវគ្គបណ្តុះបណ្តាលជូនដល់មន្រ្តីរាជការពាក់ព័ន្ធ ទាំង អស់ និងអាជ្ញាធរ ថ្នាក់ក្រោមជាតិគ្រប់កម្រិតអំពីវិធីសាស្រ្តប្រើប្រាស់ស្ថានីយបូមទឹកដ៏ទំនើបនេះ និង រៀបចំ សហគមន៍កសិករប្រើប្រាស់ទឹក(សកបទ) ដើម្បីដំណើរការប្រកបដោយនិរន្តរភាពលើប្រព័ន្ធ ធារាសាស្រ្ត នេះផងដែរ៕