ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ​ លើកទឹកចិត្ត វិស័យឯកជនវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយ

ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់ការគាំទ្រនិងលើកទឹកចិត្ត ដល់វិស័យឯកជន ក្នុងការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិកម្ម ឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាជននិងប្រទេសជាតិ ។

ក្នុងពិធីចុះហត្ថលេខា ដៃគូកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធីប្រគល់ហាង ជូនពាណិជ្ជកររបស់ក្រុមហ៊ុនចាង វាំង ខេមបូឌា រៀលអ៊ីស្ទេត អ៊ីនវេសមិន ឯ.ក នៅថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤នេះ លោក នួន ផារ័ត្ន បានលើកឡើងថា ពិធីចុះហត្ថលេខាជាមួយដៃគូកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធីប្រគល់ហាងជូនពាណិជ្ជករ នាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញ អំពីផ្លែផ្កានិងមនុញ្ញភាពដែលទទួលបាន ពីភាពអំណោយផល នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅក្នុងការវិនិយោគ និយាយជារួម និងនិយាយដោយឡែក ភាពអំណោយផលនិងសក្ដានុពលនៃបរិស្ថានវិនិយោគ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតែម្ដង ។

លោកបានបន្តថា ជាការពិតណាស់ សុខសន្តិភាពបានដើរតួនាទីជាមូលដ្ឋានគ្រឹះ ដ៏មានសារៈសំខាន់បំផុត និងមិនអាចខ្វះបាន នៅក្នុងការបង្កើតឱកាសនានា និងជំរុញកំណើនសេដ្ឋកិច្ច នាំទៅដល់ការអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងនោះក៏មានការរីកចម្រើនលូតលាស់ នៃសកម្មភាពអាជីវកម្ម ទេសចរណ៍ ការបន្តកើនឡើងនូវសេចក្ដីត្រូវការក្នុងស្រុក និងភាពល្អប្រសើរ នៃពាណិជ្ជកម្មក្នុងស្រុក និងពាណិជ្ជកម្មទៅកាន់ទីផ្សារអាស៊ាន និងអន្តរជាតិផងដែរ ។

លោកបានបន្តទៀតថា នារយៈពេលកន្លងទៅរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសតាមរយៈយន្តការ នៃអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ តែងតែផ្តល់ការគាំទ្រនិងលើកទឹកចិត្ត ឱ្យមានការវិនិយោគនានា នៅរាជធានីភ្នំពេញ ជាពិសេសការជំរុញ ឱ្យមានការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយ ផលិតផលកសិផលបន្ថែមទៀត ពីព្រោះការវិនិយោគផ្សារបោះដុំនេះ មិនត្រឹមតែអាចរួមចំណែក ដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច តាមរយៈការទាក់ទាញ អ្នកវិនិយោគក្រៅស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយគាំទ្រ ដល់ពាណិជ្ជករនិងអាជីវករក្នុងស្រុក រួមចំណែកដល់ការលើកកម្ពស់យន្តការទីផ្សារ សម្រាប់កសិផលរបស់កសិករផលិត បាន ហើយយកមកលក់ នៅរាជធានីភ្នំពេញផងដែរ ។

លោក នួន ផារ័ត្ន បានគូសបញ្ជាក់ថា ជាមួយគ្នានេះ រាជរដ្ឋាភិបាល របស់សម្តេចធិបតី ក៏បានយកចិត្តទុកដាក់បន្តទទួលស្គាល់ជាផ្លូវការ អំពីតួនាទីមិនអាចខ្វះបានរបស់វិស័យឯកជន ក្នុងនាមជាក្បាលម៉ាស៊ីន នៃការជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការបញ្ចូលបច្ចេកវិទ្យា ដែលមាននវានុវត្តភាពសំខាន់ៗ សំដៅបង្កើនប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែង នៃសេដ្ឋកិច្ច ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ានអន្តរជាតិមានសក្តានុពលខ្លាំង សម្រាប់ការធ្វើពាណិជ្ជកម្មបោះដុំ នៅរាជធានីភ្នំពេញ និងការចែកចាយទំនិញ ទៅកាន់បណ្តាខេត្តនានា នៅទូទាំងប្រទេសកម្ពុជា ខណៈផ្សារនេះមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករការ ខណ្ឌព្រែក ព្នៅ រាជធានីភ្នំពេញ៕

To Top