ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឯកភាពគ្នា ឲ្យមានក្រុមការងារចម្រុះ រួមសហការគ្នាតែមួយ ក្នុងការចុះពិនិត្យ ជនអន្តោប្រវេសន៍ នៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុនឯកជននានា ខណៈការចុះព្រមៗ គ្នាតែម្តងបែបនេះ គឺមិនរំខានការងារច្រើន ។

ការឯកាភាពគ្នានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ចទទួលខុសត្រូវ លើការគ្រប់គ្រងវត្តមានជនបរទេស និងការចុះធ្វើអធិការកិច្ចហត្ថពេលកម្មបរទេស នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

ក្នុងនោះឃួង ស្រេង បានបញ្ជាក់ថា កិច្ចពិភាក្សាការងារ ធ្វើឡើង ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្ត សំដៅបង្កើនការគ្រប់គ្រង ជនបរទេស ដែលបាន និងកំពុងរស់នៅរាជធានីភ្នំពេញ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។

លោក ឃួង ស្រេង លើកឡើងថា យើងជាអ្នកអនុវត្តច្បាប់ វាមិនបានសុគ្រិត១០០%ទេ ពិតជានៅមានភាពចន្លោះប្រហោង ដែលយើងត្រូវរួមគ្នា បំពេញបន្ថែម ។ យើងត្រូវរកសំណាញ់មួយ ដែលអាចឲ្យជនបរទេស និងប្រជាពលរដ្ឋរស់នៅ ក្នុងសំណាញ់ច្បាប់នេះទាំងអស់គ្នា ។
ក្នុងនោះ ចំពោះការស្នើសុំ ឲ្យមានក្រុមការងារចម្រុះ រួមសហការគ្នាតែមួយ ក្នុងការចុះពិនិត្យ ជនអន្តោប្រវេសន៍ នៅតាមរោងចក្រ សហគ្រាសឬ ក្រុមហ៊ុនឯកជន នានានោះ លោក ឃួង ស្រេង បានឯកភាព ដោយលោកយល់ឃើញថា ការចុះព្រមៗគ្នាតែ១ដងបែបនេះ គឺកុំឲ្យខាងរោងចក្រ សហគ្រាសឬក្រុមហ៊ុនឯកជនទាំងនោះ ធុញទ្រាន់ជាមួយកម្លាំង ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានលើកឡើងថា ការស្នើឲ្យមាន ជំនួបពិភាក្សាការងារខាងលើនេះ គឺដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ សំដៅបង្កើនការគ្រប់គ្រងវត្តមាន នៃការចេញចូល ការស្នាក់នៅ ការប្រកបមុខរបរ របស់ជនបរទេសឲ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងមិនធ្វើឲ្យប៉ះពាល់ដល់បរិយាកាសវិនិយោគ របស់ជនបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជៀសវាង ការអនុវត្តជាន់តួនាទីភារកិច្ច របស់នាយកដ្ឋានជំនាញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕
