ព័ត៌មានជាតិ

យុវជនមកពីគ្រួសារក្រីក្រ ចាត់ទុកកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិ ជាជីវិតថ្មីសម្រាប់ពួកគេ ដែលអាចផ្លាស់ប្តូរជីវភាពគ្រួសារ នាពេលអនាគត

ភ្នំពេញ៖ យុវជនមកពីគ្រួសារក្រីក្រ ចាត់ទុកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល ជាជីវិតថ្មីសម្រាប់ពួកគេ ហើយមានក្តីសង្ឃឹមថា នឹងអាចមានជំនាញមួយច្បាស់លាស់ មានការងារធ្វើសមរម្យ បន្ទាប់ពីការសិក្សារយៈពេល ៤ខែចប់។

យុវតីមកពីគ្រួសារក្រីក្រ ហ៊ឹម ណារី លើកឡើងថា «បើគ្មានកម្មវិធីបណ្តុះបណ្តាលជំនាញវីជ្ជាជីវៈ របស់រាជរដ្ឋាភិបាលនេះទេ ខ្ញុំមិនអាចបន្តការសិក្សាបានទេ ពីព្រោះគ្រួសារខ្ញុំក្រពេក ដោយសារកត្តាគ្រួសារនេះហើយ ខ្ញុំគ្មានលទ្ធភាពបន្តរៀនបានទេ»។

យុវតីរូបនេះបន្តថា ដោយសារការរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល មានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលជាប្រចាំខែផងនោះ ទើបយុវតីរូបនេះរួសរាន់ មកចុះឈ្មោះចូលរៀននិងគេ។ ក្រោយពីបានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ យុវតីរូបនេះសង្ឃឹមថា ខ្លួននឹងមានការងារមួយច្បាស់លាស់ នាពេលអនាគត ហើយថែមទាំងអាចផ្លាស់ប្ដូរ ជីវភាពរបស់គេបាន។

យុវតីរូបនេះថា «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចមានជំនាញមួយច្បាស់លាស់ រកការងារបានធ្វើ ហើយគ្រួសារខ្ញុំលែងលំបាក់ដូចសព្វថ្ងៃ»។

យុវតី រិទ្ធ រស្មី ដែលជាសិក្ខាកាមមួយរូបទៀត មកពីគ្រួសារក្រីក្រ និងជាក្មេងកំព្រាផងនោះបានលើកឡើងថា «ខ្ញុំជាក្មេងកំព្រា ក្រីក្រ គ្មានលទ្ធភាពរៀនបន្តនោះទេ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ហើយថែមទាំងមានប្រាក់ឧបត្ថម្ភទៀត នោះខ្ញុំត្រូវតែចាប់យកឱកាសនេះឱ្យបាន»។

យុវតីរូបនេះបន្ថែមថា គាត់បានចុះឈ្មោះរៀនជំនាញកែច្នៃបន្លែផ្លែឈើ ហើយយុវតីរូបនេះសង្ឃឹមថា នឹងអាចមានការងារធ្វើមួយសមរម្យ កែប្រែជីវភាពគ្រួសារនាពេលអនាគត។ យុវតីរូបនេះបានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសដ៏ល្អមួយនេះសម្រាប់យុវជន យុវតី ដែលមានជីវភាពក្រីក្រ អាចរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះបាន។
គូសបញ្ជាក់ផងដែរថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤​លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាលវគ្គទី១ ជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ កម្មវិធីបណ្តុះបណ្តាលនេះមានសិស្សចំនួន ៥០០ថ្នាក់ និងមានសិក្ខាកាមចំនួន ១៥០០០នាក់ ដែលសិក្សាក្នុងវិស័យចំនួន១០ លើមុខជំនាញចំនួន៣៨ នៅទូទាំងប្រទេស៕

To Top