ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ស្នើឥណ្ឌា​ ជួយបណ្ដុះបណ្ដាល ជំនាញបច្ចេកវិទ្យាទំនើប ដល់នគរបាលកម្ពុជា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើឲ្យឥណ្ឌា ជួយលើកកម្ពស់សមត្ថភាព មន្ត្រីនគរបាលជាតិកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ បណ្តុះបណ្តាលលើមុខ ជំនាញបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ ។

ការស្នើរបស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា នាថ្ងៃទី១៨ មករានេះ នៅទីស្តីការក្រសួងមហាផ្ទៃ ។

ក្នុងជំនួបនោះលោកស្រីទូត បានលើកឡើងពីកិច្ចការងារបន្តពង្រឹង កិច្ចសហប្រតិបត្តការលើកការធានា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរផងដែរ។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានជម្រាបជូន លោកស្រីទូត ពីកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ដែលជាសេនាធិការផ្ទាល់របស់ក្រសួងមហាផ្ទៃ ក្នុងការប្រឆាំងទប់ស្កាត់បទល្មើស លួចឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសមានការចាត់តាំង ជាពិសេសបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ។

អគ្គស្នងការនគរបាលជាតិ បានសំណូមពរភាគីឥណ្អាពីលទ្ធភាព ក្នុងការបង្កើតយន្តការទំនាក់ទំនងផ្តល់ព័ត៌មានទៅវិញទៅមក ពាក់ព័ន្ធមុខសញ្ញាសង្ស័យ ឬខ្សែរយៈបណ្តាញអោយបានទាន់ពលវេលា និងច្បាស់លាស់ដើម្បីធានាដល់ការចាត់វិធានការ បង្ក្រាបមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាងនេះទៅទៀត នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើឲ្យមានការលើកកម្ពស់ សមត្ថភាពមន្ត្រី នគរបាលជាតិកម្ពុជា តាមរយៈការផ្តល់ អាហារូបករណ៍បញ្ជូនទៅ បណ្តុះបណ្តាលលើមុខជំនាញ បច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹង បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

ជាការឆ្លើយតបលោកស្រីទូតឥណ្ឌា សន្យានិងពាំនាំ នូវរាល់សំណូមពរពាក់ព័ន្ធ និងការបណ្តុះបណ្តាលកសាងធនធានមនុស្ស លើបច្ចេកវិទ្យា ទៅឲ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពិនិត្យ ពិចារណាផ្តល់អាហារូបករណ៍ ដល់នគរបាលជាតិកម្ពុជា ៕

To Top