ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងការប្រគល់-ទទួល“ដ្រូន Mavic 3E និងឧបករណ៍វាស់ស្ទង់បាតទន្លេ (Bathymetric)” ដែលជាជំនួយរបស់ក្រុមហ៊ុនចិន Guang Dong និងបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សម្រាប់ការងារវាស់ស្ទង់ បម្រើឱ្យវិស័យធនធានទឹក ដល់មន្ត្រីនាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្ទីររាជធានី-ខេត្តទាំង២៥ ។
ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្ត្រីមានប្រសាសន៍ លើកឡើងថាគោលបំណងសំខាន់ នៃការប្រគល់ឧបករណ៍នាពេលនេះ គឺដើម្បីបំពាក់នូវឧបករណ៍វាស់ស្ទង់ បែបទំនើប សម្រាប់បម្រើឱ្យការងារ វិស័យធនធានទឹក និងបង្កើនចំណេះជំនាញ បន្ថែមទៀតដល់មន្ត្រីរបស់ក្រសួង និងមន្ត្រី ដែលមកពីបណ្តា មន្ទីររាជធានី-ខេត្ត អំពីការប្រើប្រាស់ដ្រូន សម្រាប់ហោះផ្តិតយករូបភាព បច្ចុប្បន្នភាព ពីលើអាកាស ដែលជាបច្ចេកវិទ្យាទំនើប ងាយស្រួលក្នុងការវាស់ស្ទង់ ក៏ដូចជាការកំណត់ព្រំ អាងទឹក ហេដ្ឋារចនាសម្ព័ន្ធ សំណង់ការងារទឹក បង្កើតបានជាផែនទី ដែលមានរូបភាពបច្ចុប្បន្នភាព ច្បាស់លាស់ជាមួយ នឹងខ្សែកម្រិតកម្ពស់ដី ជាពិសេសអាចហោះមើល ទីតាំងមួយចំនួនដែលពិបាកក្នុងការធ្វើដំណើរទៅដល់។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមរយ:វគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់ពេញមួយថ្ងៃកាលពីម្សិលមិញ ការប្រគល់-ទទួល “ដ្រូន Mavic 3E និងឧបករណ៍វាស់ស្ទង់បាតទន្លេ (Bathymetric)” នាព្រឹកនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបរិបទថ្មីនៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ស្របតាមគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោករដ្ឋមន្ត្រី បានរម្លឹកទៅអតីតកាល នាពេលដែលមិនទាន់មានដ្រូន និងឧបករណ៍បច្ចេកវិទ្យា ទំនើបនេះថា មន្រ្តីបច្ចេកទេសក្រសួង និងបណ្តាមន្ទីរ ធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំង២៥ ត្រូវកាន់ឧបករណ៍ក្តារម៉ែត្រ ចុះទៅវាស់វែងជាក់ស្តែងដោយដៃផ្ទាល់ ហើយពេលខ្លះមធ្យោបាយ ធ្វើដំណើរមិនអាចចូលទៅដល់ត្រូវធ្វើដំណើរថ្មើរជើងក្នុងចម្ងាយឆ្ងាយ និងចំណាយពេលវេលាយូរក្នុងការប្រមូលទិន្នន័យ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការធ្វើទំនើបកម្មវិស័យធនធានទឹកនឹងជួយបង្កើន នូវសមត្ថភាពមន្ត្រីជំនាញបន្ថែមទៀត ក្នុងការជួយគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងការងារទន្លេ តាមរយ:ឧបករណ៍ទំនើប ដែលបានចែកជូននេះ ដើម្បីយកទៅប្រើប្រាស់ក្នុង ការបង្ហោះផ្តិតយករូបភាព បច្ចុប្បន្នភាពពីលើអាកាស យកមកផ្គុំបញ្ចូលគ្នាតាមរយៈការប្រើប្រាស់កម្មវិធី(Software) មួយចំនួនទៀត ដែលជាបច្ចេកវិទ្យាទំនើបងាយស្រួលចំណេញ ពេលវេលា វាស់ស្ទង់បាតទន្លេ ព្រមទាំងច្រាំងនៅផ្នែកខាងលើផ្ទៃទឹក កំណត់ទំហំព្រំអាងទឹក និងវិសាលភាពហេដ្ឋា រចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ អាចផលិតជាផែនទី ដែលមាន រូបភាពបច្ចុប្បន្នភាពច្បាស់ កម្រិតលម្អៀងតូច ជាមួយនឹងខ្សែកម្រិតកម្ពស់ដី សម្រាប់ប្រើជាមូលដ្ឋាន និងទឡ្ហីករណ៍ច្បាស់លាស់ ដោយឈរលើបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ក្នុងការគ្រប់គ្រង និងអភិរក្សនូវរាល់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត និងធនធានទឹកទាំងអស់ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនចិន Guang Dong និងបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា ឧបករណ៍ និងចំណេះដឹងដែលទទួលបាននាពេលនេះ នឹងបានជួយបង្កើននូវប្រសិទ្ធភាពការងារ ជាមួយនឹងការអនុវត្តឱ្យបានត្រឹមត្រូវ និងចំគោលដៅ ដើម្បីបម្រើផលប្រយោជន៍ឱ្យវិស័យធនធានទឹក ដែលក្រសួងបានដាក់ជូន កាន់តែមានភាពរីកចម្រើន និងទទួលបានប្រសិទ្ធផលខ្ពស់បន្ថែមទៀត។
ជាចុងក្រោយ លោករដ្ឋមន្ត្រីបានផ្តាំផ្ញើដល់នាយកដ្ឋានជំនាញពាក់ព័ន្ធ និងបណ្តាមន្ទីររាជធានី-ខេត្តទាំង២៥ ត្រូវយកចិត្តទុកដាក់ថែរក្សានូវឧបករណ៍នេះ ដើម្បីបម្រើប្រយោជន៍ សាធារណ:បានយូរអង្វែងផងដែរ ៕