ព័ត៌មានជាតិ

ការបណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស វគ្គទី១ កំពុងដំណើរ ការយ៉ាងរលូន

ភ្នំពេញ ៖ នាយកវិទ្យាស្ថាន បណ្តុះបណ្តាលបច្ចេកទេសខេត្តបាត់ដំបង និងខេត្តរតនគីរី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គទី១ កំពុងដំណើរការយ៉ាងរលូន សិក្ខាកាម យកចិត្តទុកដាក់រៀនសូត្រ និងបានមករៀនគ្រប់ៗគ្នា។

បើតាមលោក ងួន ហ៊ត នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងថា៖«នៅប៉ុន្មានថ្ងៃដំបូង នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ សិស្សានុសិស្ស ដែលជាសិក្ខាកាម របស់ពួកយើងបានមករៀន គ្រប់ៗគ្នា មានស្នាមញញឺម សប្បាយរីករាយក្នុងការរៀនសូត្រជាមួយគ្រូៗរបស់ពួកគេ។ ទាំងនេះមានន័យថា ការបណ្តុះបណ្តាលនេះ គឺប្រកបដោយភាពរលូន និងជាការបោះជំហ៊ានមួយដ៏ល្អ»។

លោកបន្ថែមថា តាមរយៈការយកចិត្តទុកដាក់ រៀនសូត្ររបស់យុវជននេះ លោកសង្ឃឹមថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ របស់ពួកគេនឹង ទទួលបានលទ្ធផលល្អ មានសមត្ថភាពបន្ទាប់ពីរៀន ចប់រយៈពេល៤ខែខាងមុខ។ ពួកគេនឹងមានសមត្ថភាពជំនាញ ឆ្លើយតបទៅនិងតម្រូវការទីផ្សារ ការងារ មានចំណូលសមរម្យ ផ្លាស់ប្តូរជីវភាព និងអនាគតរបស់ពួកគេ។

ដោយឡែកលោក សែម ប៉ាត នាយក នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគីរី បានលើកឡើងថា ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ វគ្គទី១នេះវិទ្យាស្ថានខេត្តមណ្ឌលគិរី ផ្តោតលើទី១ទ្រឹស្តីនៅក្នុងថ្នាក់ ជំរុញឱ្យសិស្សមានការយកចិត្តទុកដាក ទី២អនុវត្តន៍ទ្រឹស្តីនៅក្នុងថ្នាក់ និងទី៣ សិក្សាស្រាវជ្រាវ ក៏ដូចជាចុះកម្មសិក្សា នៅតាមក្រុមហ៊ុនឯកជនផងដែរ។

លោកសង្ឃឹមថា តាមរយៈការរៀនទ្រឹស្តី បូករួមទាំងការអនុវត្តន៍ផ្ទាល់នេះ សិក្ខាកាមទាំងអស់ នឹងមានសមត្ថភាពល្អ មានឱកាសការងារ ប្រាក់ចំណូលសមរម្យ បន្ទាប់ពីបញ្ចប់ការ សិក្សារយៈពេល៤ខែនេះ ។ ការបណ្តុះបណ្តាលវគ្គដំបូង សិក្ខាកាមដែលជាយុវជន បានមកសាលាបណ្តុះបណ្តាលគ្រប់ៗគ្នា មានភាពសប្បាយរីករាយ ខិតខំរៀន និងយកចិត្តទុកដាក់រៀន ជំនាញវិជ្ជាជីវៈបានយ៉ាងរលូន ។

គូរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានបើកជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហានមួយដំណាក់កាលទៀត ហើយពោលគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ វគ្គដំបូងដែលមានយុវជនចំនួន១៥០០០នាក់ ក្នុងនោះមាន៥០០ថ្នាក់ បណ្តុះបណ្តាលនៅទូទាំងប្រទេស៕

To Top