ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារ ជាមួយលោក Phillipe Schneuwly នាយកប្រតិបត្តិ នៃអង្គការSwissContact នៅទីស្តី្គការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញ និងពង្រឹងកិច្ចសហការ បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការ SwissContactដែលបាន និងកំពុងជួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបណ្តុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈ និង គម្រោងមុខរបរ និងការងារសមរម្យសម្រាប់យុវជន តាមរយៈកិច្ច សហការជាមួយ នឹងអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ ។
ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានជំរុញឱ្យអង្គការបន្តអនុវត្តសកម្មភាពគម្រោងនៅខេត្ត ឬភូមិសាស្ត្រ ឱ្យកាន់តែមានសកម្មបន្ថែមទៀត។

ជាការឆ្លើយតបលោក Phillipe Schneuwly នាយកប្រតិបត្តិ នៃអង្គការ SwissContact បានគាំទ្រ អនុសាសន៍ របស់លោករដ្ឋមន្ត្រី លើគម្រោងនីមួយៗ ដែលដៃគូអភិវឌ្ឍន៍ បានចូលរួមអនុវត្ត ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងស្របទៅតាមយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕







