ព័ត៌មានជាតិ

កម្ពុជា មិនទទួលយកការឧបត្ថម្ភ និងផ្សព្វផ្សាយ ផលិតផលថ្នាំជក់ ក្នុងព្រឹត្តិការណ៍កីឡា គ្រប់រូបភាព

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសមិនទទួលការ ឧបត្ថម្ភនិងផ្សព្វផ្សាយ ផលិតផលថ្នាំជក់ ក្នុងព្រឹត្តិការណ៍កីឡាឡើយ ដើម្បីកាត់បន្ថយការ ប្រើប្រាស់ថ្នាំជក់ និងលើកម្ពស់វិស័យ កីឡាឱ្យកាន់តែរីកចម្រើន ។

ថ្លែងក្នុងសិក្ខាសាលា ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការអនុវត្តគោលការណ៍ កីឡាគ្មានថ្នាំជក់ នាថ្ងៃទី១៧ខែមករា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា លោក វ៉ាត់ ចម្រើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាមានប្រសាសន៍ថា ការអនុវត្តកីឡាគ្មានថ្នាំជក់នេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់វប្បធម៌កីឡាគ្មានថ្នាំជក់ និងពង្រឹងសមត្ថភាពប្រកួតជាអតិបរមា និងទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពរបស់កីឡាករ កីឡាការិនី អ្នករៀបចំ ទស្សនិកជន ជាពិសេសយុវជន និងកុមារពីការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក ឬផលិតផលអេចឈ៍ ធី ភី (HTPs) ។

លោក វ៉ាត់ ចម្រើន បានបញ្ជាក់ថា ការអនុវត្តកីឡាគ្មានថ្នាំជក់នេះ មិនមែនមានតែកម្ពុជានោះទេ គឺលើពិភពលោក បានអនុវត្ដរួចហើយ ដើម្បីលើកម្ពស់ វិស័យ កីឡាឱ្យមានការរីកចម្រើន ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងខិតខំកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់ ដែលបណ្ដាលមកពីការប្រើប្រាស់ ផលិតផលថ្នាំជក់ ហើយនាំឱ្យវិស័យកីឡាមានការធ្លាក់ចុះ។

លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអនុវត្តគោលការណ៍ “កីឡាគ្មានថ្នាំជក់” គឺផ្ដោតសំខាន់ទៅលើការហាមឃាត់មិនឱ្យទទួលការឧបត្ថម្ភពីក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនបារីអេឡិចត្រូនិក ឬក្រុមហ៊ុនផលិតផលអេចឈ៍ ធី ភី (HTPs)ក្នុងព្រឹត្តិការណ៍កីឡា ទោះក្នុងទម្រង់ ឬគោលបំណងណាក៏ដោយ រួមទាំងហាមមិនឱ្យសហការ ឬផ្តល់ទីកន្លែង សម្រាប់រៀបចំកម្មវិធីណាមួយ របស់ក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនបារីអេឡិចត្រូនិក ឬផលិតផលអេចឈ៍ ធី ភី (HTPs) ។

លោកស្រី បានបញ្ជាក់ថា ក្រសួងអប់រំ បានឱ្យអង្គភាពក្រោមឱវាទក្រសួង អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ សហព័ន្ធកីឡា ក្លឹបកីឡា និងកន្លែងប្រកួតកីឡាទាំងអស់ ត្រូវអនុវត្តគោលការណ៍ “កីឡាគ្មានថ្នាំជក់”ឱ្យមានប្រសិទ្ធភាពដោយស្មារតីទទួលខុសត្រូវខ្ពស់។ រីឯ សហព័ន្ធកីឡា ក្លឹបកីឡា និងកន្លែងប្រកួតកីឡាទាំងអស់ត្រូវបញ្ចូលគោលការណ៍ “កីឡាគ្មានថ្នាំជក់”ទៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានលើកឡើងថា ផលប៉ះពាល់នៃផលិតផលថ្នាំជក់មានទំហំធំធេង ជាពិសេសបំផ្លាញសុខភាព ទាំងអ្នកប្រើប្រាស់ និងអ្នកនៅជុំវិញ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការចូលរួមទាំងអស់គ្នា។

លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ជាតិនីកូទីន និងសារធាតុ គីមីផ្សេងទៀត ដែលមាននៅក្នុងផ្សែងថ្នាំជក់ ធ្វើឱ្យអន់ថយដល់រាងកាយ បង្កការរំខានដល់ការ ស្រូបយកអុកស៊ី សែន ប៉ះពាល់ដល់ចរន្តឈាម សួត សាច់ដុំ សន្លាក់ និងខួរក្បាល ។

លោកបន្ដថា នៅកម្ពុជា ប្រជាពលរដ្ឋ ១៥ ០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺបង្កដោយថ្នាំជក់។ ជំងឺទាំងនោះរួមមាន៖ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ ជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។

សូមបញ្ជាក់ថាគោលការណ៍“កីឡាគ្មានថ្នាំជក់”នេះត្រូវបានអនុវត្តន៍ប្រកបដោយជោគជ័យនៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកន្លងមក ។ គោលការណ៍“កីឡាគ្មានថ្នាំជក់”នេះក៏ជាការបន្តវប្បធម៌កីឡាគ្មានថ្នាំជក់ដែលគណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៨៨ មកម្ល៉េះ៕

To Top