ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «ដាំដំណាំផ្តល់អាហារ កុំដាំថ្នាំជក់» ហើយប្រធានបទនេះ មានគោលបំណងលើកកម្ពស់ ការយល់ដឹងបន្ថែម អំពីផលប៉ះពាល់នៃដំណាំថ្នាំជក់ និងលើកទឹកចិត្តដល់ការដាំដំណាំ ដែលផ្តល់អាហារដែលធ្វើឲ្យ ប្រសើរដល់សន្តិសុខស្បៀង។
យោងតាមលិខិតរបស់អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានគូសបញ្ជាក់ថា ថ្នាំជក់មិនមែនជាអាហារ ។ ការដាំដុះថ្នាំជក់គ្មានសារប្រយោជន៍ និងមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះអ្នកជុំវិញ។ ការដាំដុះថ្នាំជក់ បង្កជាអសន្តិសុខស្បៀងដោយសារវា មិនបានផ្ដល់ផលចំណេញដល់ កសិករដាំថ្នាំជក់ខ្នាតតូចទេ។
![](https://dap-news.com/wp-content/uploads/2023/05/photo_2023-05-25_13-43-47.jpg)
ការស្រាវជ្រាវ បានបង្ហាញថា កសិករដំាំថ្នាំជក់ខ្នាតតូច នៅតែក្រីក្រដោយសារតែស្លឹកថ្នាំជក់មានតំលៃថោក និងផ្តាច់មុខដោយក្រុមហ៊ុនធំៗ។ ពួកគេក៏បាត់បង់ឱកាសសេដ្ឋកិច្ចផ្សេងទៀត ហើយកសិករជាច្រើនបានជាប់អន្ទាក់ ជាមួយកិច្ចសន្យាមិនស្មើភាព ជាមួយក្រុមហ៊ុនថ្នាំជក់និងត្រូវខាត ពេលដែលទូទាត់នឹងការ ចំណាយលើកម្លាំងពលកម្មរួច។ ទៀតសោតការដាំដុះថ្នាំជក់ ក៏ធ្វើឲ្យខ្សោះជីជាតិដីផងដែរ។
លើសពីនេះ ការទន្រ្ទានដីនិងការកាប់ព្រៃឈើ សម្រាប់ដាំថ្នាំជក់និងសម្ងួតស្លឹកថ្នាំជក់ ធ្វើឲ្យបាត់បង់ផ្ទៃដីព្រៃឈើពិភពលោករហូតដល់ ៥%។ បន្ថែមពីនេះទៀត ការបំពុលដោយសារជាតិគីមីកសិកម្ម និងការកាប់ព្រៃឈើដោយសារការដាំដុះថ្នាំជក់ បានរួមចំណែកធ្វើឲ្យមានអសន្តិសុខស្បៀងផងដែរ។ ដោយហេតុថា ការដាំដុះថ្នាំជក់គឺបំផ្លាញដីនិងប្រព័ន្ធអេកូឡូស៊ី ដែលធ្លាប់បានប្រើប្រាស់សម្រាប់ការដាំដំណាំអាហារ។ បើនិយាយពីអ្នកប្រើប្រាស់ថ្នាំជក់វិញ គេសង្កេតឃើញថា អ្នកជក់បារីបានចំណាយប្រាក់ចំណូល មួយភាគធំរបស់ខ្លួនទៅលើផលិតផលថ្នាំជក់ ដែលវាមិនត្រឹមតែជាបន្ទុកហិរញ្ញវត្ថុ របស់អ្នកជក់បារីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានកាត់បន្ថយលទ្ធភាពបែងចែក ប្រាក់ចំណូលរបស់ខ្លួនទៅលើ តម្រូវការចាំបាច់ដូចជាអាហារ ការអប់រំ និងការថែទាំសុខភាពដែរ។
![](https://dap-news.com/wp-content/uploads/2023/05/photo_2023-05-25_13-43-53.jpg)
សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប ការយកប្រាក់ចំណូល សម្រាប់ទិញអាហារទៅទិញថ្នាំជក់ នឹងធ្វើឲ្យមានអសន្តិសុខស្បៀងកាន់តែខ្លាំង និងនាំទៅរកកង្វះខាតអាហារសម្រាប់ កុមារនិងមនុស្សពេញវ័យ ព្រមទាំងកង្វះអាហារូបត្ថម្ភដែលប៉ះពាល់ ជាអវិជ្ជមានដល់ការលូតលាស់រាងកាយ ចិត្តគំនិត និងការរៀនសូត្រផងដែរ។ ក្នុងរយៈពេលវែង ការប្រើប្រាស់ថ្នាំជក់ជះឥទ្ធពល យ៉ាងធ្ងន់ធ្ងរទៅលើភាពក្រីក្រ ខណៈដែលជំងឺធ្ងន់ធ្ងរនឹងនាំទៅរក ការចំណាយព្យាបាលយ៉ាងច្រើន។ ជាងនេះទៅទៀត វាធ្វើឲ្យពួកគេបាត់បង់ចំណូល ដោយសារពិការភាព និងស្លាប់មុនអាយុកំណត់ដោយសារជំងឺ ដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់។ យ៉ាងណាមិញ បញ្ហាដែលធ្វើឲ្យពួកគេនៅតែបន្ត ប្រើប្រាស់និងចំណាយប្រាក់លើថ្នាំជក់នោះ គឺថ្នាំជក់នៅតែបន្តមានតម្លៃថោក ស្របពេលដែលតម្លៃអាហារ មានការកើនឡើង។
![](https://dap-news.com/wp-content/uploads/2023/05/photo_2023-05-25_13-43-57.jpg)
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក បានផ្ដល់អនុសាសន៍ឲ្យកម្ពុជាដំឡើងពន្ធថ្នាំជក់ បានយ៉ាងហោចណាស់ ៧០% នៃតម្លៃលក់រាយ ហើយការដំឡើងពន្ធថ្នាំជក់នេះទៀតសោត នឹងអាចបង្កើននូវចំណូលពន្ធរដ្ឋបន្ថែមផងដែរ ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)