ព័ត៌មានជាតិ

កម្ពុជា-បារាំង ព្រមព្រៀងពង្រឹងកិច្ច សហប្រតិបត្តិការ ផ្នែកនយោបាយ និងលទ្ធិប្រជាធិបតេយ្យ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​​បារាំង បានព្រមព្រៀមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងផ្នែកនយោបាយ និងការការពារនូវ សិទ្ធិជាមូលដ្ឋាន ដើម្បីធានាភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ ។

ការព្រមព្រៀងគ្នានេះ ធ្វើឡើងក្នុងឱកាសដំណើរ បំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ទៅកាន់ប្រទេសបារាំង ចាប់ពីថ្ងៃទី១៨ -១៩ ខែមករា ឆ្នាំ២០២៤ តាមរយៈសេចក្តីថ្លែងការណ៍រួម នៃកិច្ចសន្ទនារវាងប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស នាថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ ។

ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើង ពីសារៈសំខាន់នៃពហុនិយមផ្នែក នយោបាយ និងការការពារដោយពេញលេញ​ នូវសិទ្ធិជាមូលដ្ឋាន ដើម្បីធានាភាពរឹងមាំ នៃលទ្ធិប្រជាធិបតេយ្យ ។ ភាគីទាំងពីរបានព្រមព្រៀង ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទាំងនេះ ទាំងក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគី និងក្របខ័ណ្ឌ ពហុភាគី។ តួនាទីដ៏សំខាន់របស់សង្គមស៊ីវិល ក្នុងការស្វែងរកដំណោះស្រាយ ចំពោះបញ្ហាសកល ក៏ ត្រូវបានទទួលស្គាល់ផងដែរ៕

To Top