ភ្នំពេញ៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពីការត្រៀមខ្លួន ក្នុងការជ្រោមជ្រែងកម្ពុជា លើកិច្ចខំតខំប្រឹងប្រែង ដើម្បីចងភ្ជាប់ការអភវិឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ទៅនឹងអន្តរកាលថាមពល តាមរយៈការចុះហត្ថលេខា កិច្ចព្រមព្រៀងចំនួន៣ មានទំហំទឹកប្រាក់ ២១៥លានអឺរ៉ូ ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដំណើរបំពេញ ទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសបារាំង ចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ តាមរយៈ សេចក្តីថ្លែងការណ៍រួម នៃកិច្ចសន្ទនារវាងប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស នាថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ ។
លោក អេម៉ានុយអែល ម៉ាក្រុង បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំ ផ្នែកអាកាសធាតុរបស់កម្ពុជា ដែលបានកំណត់ គោលដៅអព្យាក្រឹត្យកាបូន ត្រឹមឆ្នាំ២០៥០ តាមរយៈយុទ្ធសាស្ត្រ ផ្តោតលើបរិស្ថានស្អាត បៃតង និង និរន្តរភាព។
ជាមួយគ្នានេះ ភាគីបារាំង បានរំលឹកឡើងវិញ នូវការត្រៀមខ្លួនជានិច្ច ក្នុងការជួយជ្រោមជ្រែងកម្ពុជា លើកិច្ចខិតខំប្រឹងប្រែង ដើម្បីចងភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ច យ៉ាងឆាប់រហ័ស ទៅនឹងអន្តរកាលថាមពល ព្រមទាំងបានលើកឡើង ពីតួនាទីរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលស្ដែងចេញ តាមរយៈការចុះហត្ថលេខា កិច្ចព្រមព្រៀងចំនួន៣ គិតជាទឹកប្រាក់ សរុបចំនួន ២១៥ លានអឺរ៉ូ និងក្រុមហ៊ុនបារាំង នៅក្នុងបរិបទនេះ។
ក្នុងនោះដែរ សម្តេចធិបតីនាយករដ្ឋមន្តី បានបញ្ជាក់ថា កម្ពុជា ប្តេជ្ញាមិនអភិវឌ្ឍវារីអគ្គិសនី នៅលើតួទន្លេមេគង្គ ហើយក៏មិនអភិវឌ្ឍរោងចក្រអគ្គិសនី ដើរដោយធ្យូងថ្មឡើយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា កម្ពុជានឹងចូលរួម ក្នុងសន្ធិសញ្ញាទីក្រុងប៉ារីស សម្រាប់មនុស្ស និងភពផែនដី។ ភាគីទាំង ពីរក៏បានព្រមព្រៀងធ្វើការរួមគ្នា ក្នុងការរៀបចំសន្និសីទ អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងនីស ប្រទេសបារាំង នៅឆ្នាំ២០២៥ ៕