ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំសមាជិក គណបក្សប្រជាជនកម្ពុជា ត្រូវអនុវត្តឱ្យបានល្អ នូវយុទ្ធសាស្ត្របញ្ចកោណ ក្នុងអាណត្តិទី៧

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យសមាជិក សមាជិកាទាំងអស់ ត្រូវអនុវត្តឱ្យបានល្អ នូវយុទ្ធសាស្ត្របញ្ចកោណ ក្នុងអាណត្តិទី៧។ ការណែនាំនេះធ្វើឡើងក្នុងជំនួបសំណះសំណាល ជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែលពិធីនេះធ្វើឡើង នៅវិមាន៧មករា រាជធានីភ្នំពេញនៅព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ។

សូមរំលឹកថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និង បរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ក្នុងនោះ គោលដៅយុទ្ធសាស្រ្ត ចំនួន៥ រួមមាន ១. ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧% ប្រកបដោយភាពធន់នឹងវិបត្តិនានា
២. បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និង គុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន
៣. សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា
៤. បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្ដ ពង្រឹងអភិបាលកិច្ចវិស័យឯកជន និង បន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគនិងពាណិជ្ជកម្ម និង ៥.ធានាឱ្យបាននូវចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ៕

To Top