ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើឡើងថា ដើម្បីចូលរួមចំណែក ដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រសួង «បាននិងកំពុងខិតខំ បំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ។
ការលើកឡើងនេះ ធ្វើឡើង នៅក្នុងជំនួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
លោករដ្ឋមន្រ្ដីបានបន្តថា ផ្លូវជនបទប្រមាណ៥ម៉ឺនគីឡូម៉ែត្រ ហើយរាជរដ្ឋាភិបាល ក៏ដួចជាក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងលើកកម្រិតជាបន្តបន្ទាប់ ឱ្យទៅជាផ្លូវក្រាលកៅស៊ូ និងបេតុង និងជម្រុញវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ សំដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅជនបទ ។
ជាមួយនេះផងដែរ លោករដ្ឋមន្រ្ដី ក៏បានជម្រាបជូនអំពីយុទ្ធសាស្ត្រអាទិភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យតាមគ្រួសារ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្រសួងគ្រោងនឹងបន្ថែម ឬដំឡើងមន្រ្ដីរាជការជាស្រ្ដី ឱ្យឡើងតួនាទីជាអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ តាមបណ្ដាខេត្តផ្សេងៗទៀត ដើម្បីសមភាពយេឌ័រ។ ឆ្លើយតបទៅនឹងការស្នើសុំផ្លូវ និងប្រទ្បាយជើងក្អែម របស់អភិបាលខេត្តឧត្ដរមានជ័យ លោករដ្ឋមន្រ្ដី បានទទួលយក ។
ជាមួយនេះលោករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង ២ ដូចខាងក្រោម៖
១- ត្រូវបន្ដថែរក្សាសមិទ្ធផលនិងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០
២- ក្នុងនាមមន្ដ្រីរាជការត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ជាមន្រ្ដីបម្រើប្រជាពលរដ្ឋ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរុងរឿង
៣- មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងត្រូវមានសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ដែលមានបទពិសោធន៍ និងធនធាន ដើម្បីជំរុញការងារអភិវឌ្ឍជនបទឱ្យកាន់តែល្អប្រសើរឡើងថែមទៀត
៤- មន្ទីរត្រូវបង្កើនការផ្សព្វផ្សាយ និងបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរដើម្បីទំនាក់ទំនង និងផ្ដល់ព័ត៌មានពីគ្នាទៅវិញទៅមក ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលក៏ដូចជាសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទពីដើមអាណត្តិឱ្យបានកាន់តែទូលំទូលាយដល់ស្រទាប់មហាជនតាមរយៈបណ្ដាញសង្គម
៥-ថ្នាក់ដឹកនាំមន្ទីរត្រូវយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការ និងត្រូវលើកទឹកចិត្តតាមរយៈ ការដំឡើងតួនាទី ឋានន្ដរស័ក្ដិ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ។
៦- ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។
ក្នុងពិធីនេះដែរ ក៏មានមតិស្វាគមន៍ និងចំណាប់អារម្មណ៍របស់ អភិបាលនៃគណៈអភិបាលខេត្តទាំងពីរ ទាក់ទងទៅនឹងវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសគឺផ្លូវជនបទ ប្រព័ន្ធស្រោចស្រពខ្នាតតូច(ប្រឡាយជើងក្អែប) ការផ្គត់ផ្គង់ទឹកស្អាត និងការអភិវឌ្ឍភូមិគំរូជាដើម ។
ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំង ២ខេត្តខាងលើនេះ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត។
បន្ទាប់មក លោករដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវជនបទមួយខ្សែមានប្រវែង ៣២,៦គីឡូម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៦២ ត្រង់ចំណុចភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ទៅកាន់ទីរួមស្រុកជ័យសែន ខេត្តព្រះវិហារ ៕