សៀមរាប៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍សរសេរតាមអាន (សំណេរអង្គរ) ថ្នាក់ជាតិលើកដំបូង នៅប្រទេសកម្ពុជាស្ថិតនៅស្ពានហាលខាងលិចប្រាសាទអង្គវត្ត នៅខេត្តសៀមរាប។

ព្រឹត្តិការណ៍សរសេរតាមអាន (សំណេរអង្គរ) ជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសនឹងជួយឲ្យប្រជាពលរដ្ឋ មហាជនទូទៅកែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឲ្យត្រឹមត្រូវឡើងវិញ ខណៈមហាជនទូទៅ ក្រសួង ស្ថាប័ន ផ្នែកឯកជនមានការគាំទ្រយ៉ាងក្លៀវក្លាចំពោះកម្មវិធីដ៏មានសារសំខាន់នេះ។

កម្មវិធីសំណេរអង្គរនេះថា ជាការប្រកួតសរសេរតាមអានអក្សរខ្មែរក៏បាន ព្រោះជាការចូលរួមប្រកួតសរសេរអត្ថបទជាភាសាខ្មែរ ដែលបើកឲ្យមានការចូលរួមប្រកួតពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ មិនប្រកាន់អាយុ ភេទ ជាតិ សាសន៍ តួនាទី ដើម្បីជ្រើសរើសជ័យលាភីដែលសរសេរពាក្យខ្មែរបានត្រឹមត្រូវជាងគេ។

ព្រឹត្តិការណ៍សរសេរតាមអាន (សំណេរអង្គរ)នេះមានអ្នកចូលរួមប្រកួតប្រជែងមានចំនួនប្រហែល ៥៩៨ នាក់មកពីបណ្តាលរាជធានីខេត្តទំាង២៥ នៅទូទាំងប្រទេសកម្ពុជា ដោយបេក្ខជន និងបេក្ខនារីទាំងនេះ មានអាយុពីចាប់៨ឆ្នាំរហូតដល់អាយុ ៧០ ឆ្នាំ ។ ការចូលរួមទាំងនេះបង្ហាញពីស្រលាញ់ និងអភិរក្សអក្សរសាស្រ្តខ្មែរ៕


