ព័ត៌មានជាតិ

នគរបាលចរាចរណ៍​ ៣នាក់ ឈរជើងនៅគោលដៅស្តុបចេនឡា និងស្ត្រីជាម្ចាស់រថយន្ដ​ ចូលខ្លួនមកបំភ្លឺ​ ករណីឃាត់រថយន្ត​ ធ្វើឱ្យឆ្កូតថ្នាំរថយន្ត

ភ្នំពេញ​ ៖​ គរបាលចរាចរណ៍​ ចំនួន​ ៣នាក់ ឈរជើងនៅគោលដៅស្តុបចេនឡា ផ្សារដើមគរ ខណ្ឌទួលគោក និងស្ត្រីជាម្ចាស់ឡាន (អូឌី) ចូលខ្លួនមកបំភ្លឺ នៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក​ ពាក់ព័ន្ធករណីឃាត់រថយន្ត​ ធ្វើឱ្យឆ្កូតថ្នាំរថយន្ត ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នាថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២៤បានឱ្យដឹងថា​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ​ បានធ្វើការបំភ្លឺជូនសាធារណជនថា បន្ទាប់ពីបានឃើញ ការផ្សព្វផ្សាយព័ត៌មានផុស នៅលើបណ្តាញសង្គម និងTikTok ជុំវិញការបង្ហោះវិដេអូរបស់ស្ត្រីម្នាក់ ទាក់ទងមន្រ្តីនគរបាលចរាចរណ៍ ឈរជើងនៅគោលដៅស្តុបចេនឡា ឃាត់រថយន្តធ្វើឱ្យឆ្កូតថ្នាំរថយន្ត ។

បន្ទាប់មក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ ហើយនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានកោះហៅមន្ត្រី នគរបាលចរាចរណ៍ ចំនួន០៣នាក់ និងអ្នកពាក់ព័ន្ធ ឱ្យចូលខ្លួនមកបំភ្លឺ ជុំវិញបញ្ហាការបង្ហោះវិដេអូនោះ ។

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មានស្ត្រីម្នាក់បើកបររថយន្ត(អូឌី) ពណ៌ស តាមផ្លូវមហាវិថីម៉ៅសេទុងគោលបំណងមកម្តុំបឹងសាឡាង លុះដល់ស្តុបចេនឡា ផ្សារដើមគរ ខណ្ឌទួលគោក ក៏បើកបរល្មើសភ្លើង សញ្ញាចរាចរណ៍ (លោតសញ្ញាពណ៌លឿងហើយ រថយន្តនោះមិនទាន់ជាន់ នៅលើគំនូសសញ្ញា សម្រាប់ថ្មើរជើងឆ្លងកាត់) ហើយគាត់បន្តដំណើរទៅមុខទៀត។

ទើបសមត្ថកិច្ចនៅគោលដៅ នោះធ្វើការឃាត់រថយន្តគោលបំណងដើម្បីសួរនាំ ប៉ុន្តែម្ចាស់រថយន្តមិនព្រមឈប់ទៅតាមមន្ត្រីចរាចរណ៍បញ្ជាប្រាប់នោះទេ គឺម្ចាស់រថយន្តព្យាយាម បើកគេចពីកន្លែងសមត្ថកិច្ចអនុវត្តច្បាប់ ទើបធ្វើឱ្យសមត្ថកិច្ចម្នាក់គេចពីរថយន្តហើយប៉ះទៅនិងវិទ្យុទាក់ទង(ID) កាន់នៅដៃរបស់មន្រ្តីម្នាក់បណ្តាល ឱ្យឆ្កូតថ្នាំរថយន្តដោយអចេតនា។

ក្រោយពីសួរនាំរួច ម្ចាស់រថយន្តក៏បានប្រាប់សមត្ថកិច្ច ដោយសារគាត់ខឹងពេក មានអារម្មណ៍ឆេវឆាវ ដោយសារឃើញរថយន្តឆ្កូតថ្នាំ ទើបនិយាយជ្រុលជ្រោះ ប៉ះពាល់ដល់សមត្ថកិច្ច និងធ្វើការបកស្រាយកែសម្រួលពាក្យ សម្ដីគាត់ឡើងវិញ។

ដោយឡែកមន្រ្តីនគរបាលចរាចរណ៍ចំនួន០៣នាក់ ដែលឃាត់រថយន្តបណ្តាល ឱ្យប៉ះពាល់រថយន្តប្រជាពលរដ្ឋ បច្ចុប្បន្នកំពុងសុំគោលការណ៍របស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច ៕

To Top