ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ជោគជ័យ មិនមែនបានមកដោយ ការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយ

ភ្នំពេញ៖ តាមរយៈសំណេរនាចុងសប្ដាហ៍ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណក្សប្រជាជនកម្ពុជា បានផ្ដាំថាជោគជ័យ មិនមែនបានមកដោយការិយាល័យ ធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយ តែបានមកដោយចេះធ្វើការ ដោយមាន ប្រសិទ្ធភាព ដើម្បីបំរើដល់ផលប្រយោជន៍ជាតិ និងប្រជាជន។

នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅលើបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតមួយសន្លឹក ដោយភ្ជាប់នូវសំណេរថា ឃើញរូបថតមួយសន្លឹកនេះនឹកអាណិតខ្លួន។ ធ្វើរដ្ឋមន្ត្រីការបរទេស ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំមិនទាន់បានជួបប្រពន្ធកូន មានរបបស្បៀង ១៦គីឡូ ក្នុងនោះអង្ករ១០គីឡូ ពោតក្រហម៦គីឡូ។

សម្ដេចបន្ថែមថា ងាកមកសម្លៀកបំពាក់សម្ដេច នាពេលនោះ មានខោអាវធំ តែមួយសម្រាប់នេះទេ ដែលជាជំនួយ របស់មិត្តវៀតណាម (រូបថតនេះថតនៅប្រហែលពាក់កណ្តាល កុម្ភៈឆ្នាំ១៩៧៩ មុនពេលខ្ញុំជួបភរិយានិងកូនខ្ញុំ)។ ខោអាវធំនេះ មិនបានវាស់កាត់ទេ បានជាខោវែងជាងជើងអាវធំ ជាងខ្លួន។

សម្ដេចបន្តថា ឯអាវក្នុងមានតែ២ទេ ស្បែកជើងទៅ រើសនៅផ្សារថ្មី ម្ខាងធំម្ខាងតូច ពាក់ឈឺជើងស្ទើរដើរមិនរួច។

សម្ដេចបន្តទៀតថា តែទោះយ៉ាងណាខោអាវមិនស្អាតនេះ មិនរំខានការងារសម្ដេចនោះទេ វាតាមបំរើសម្ដេចទាំងនៅភ្នំពេញ ហាណូយ មូស្គូ កំឡំបូ ប្រទេសស្រីលង្កា នៅពេលសម្ដេចធ្វើដំណើរ ទៅប្រជុំប្រទេស នៃចលនាមិនចូលបក្សសម្ព័ន្ធ។

ខោអាវមួយសម្រាប់នេះ វាបានជួយឱ្យ សម្ដេចទទួលបានជោគជ័យ រយៈពេលជាង៤៥ឆ្នាំ កន្លងមក។ ជោគជ័យ ដែលបានមកដោយការ លំបាកគឺជោគជ័យ ដែលមោទកភាព និងត្រូវចេះថែរក្សា ឱ្យខាងតែបាន។

សម្ដេចគូសបញ្ជាក់ថា «ត្រូវចងចាំជោគជ័យ មិនមែនបានមកដោយការិយាល័យ ធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយ តែបានមកដោយចេះធ្វើការ ដោយមាន ប្រសិទ្ធភាព ដើម្បីបំរើដល់ផលប្រយោជន៍ជាតិ និងប្រជាជន»៕

To Top