ព័ត៌មានជាតិ

Update៖ ការវាយប្រហារដោយមីស៊ីល នៅក្នុងទឹកដីស៊ីរី លីបង់ អ៊ីរ៉ាក់ និងយ៉េមែន ធ្វើឲ្យកើនឡើង កម្តៅសង្គ្រាមនៅតំបន់ហ្គាហ្សា

EPA PHOTO

វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ថា ការវាយប្រហារដោយមីស៊ីលនៅក្នុងប្រទេសស៊ីរី លីបង់ អ៊ីរ៉ាក់ និងយ៉ែមែន កាលពីថ្ងៃសៅរ៍បានធ្វើឱ្យមានការផ្តោតអារម្មណ៍យ៉ាងខ្លាំង និងការកើនឡើងហានិភ័យនៃសង្រ្គាមនៅតំបន់ហ្គាហ្សា ដែលបង្កឱ្យមានជម្លោះនៅក្នុងតំបន់កាន់តែខ្លាំងឡើងៗ ដោយធ្វើឲ្យប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តប្រឆាំង នឹងអ៊ីស្រាអ៊ែល និងសហរដ្ឋអាមេរិក ។

អ៊ីរ៉ង់បានលើកឡើងថា ឆ្មាំបដិវត្តន៍របស់ខ្លួនចំនួន៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលទៅលើផ្ទះមួយក្នុងទីក្រុង ដាម៉ាស់ ដែលខ្លួនបានស្តីបន្ទោសទៅលើប្រទេសអ៊ីស្រាអ៊ែល ហើយប្រភពសន្តិសុខនៅក្នុងប្រទេសលីបង់បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅទីនោះបានសម្លាប់សមាជិកនៃក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ផងដែរ ។

បន្ទាប់មកនៅថ្ងៃសៅរ៍ម្សិលមិញនេះ មន្ត្រីអាមេរិកម្នាក់បានលើកឡើងថា ការវាយប្រហារដោយមីស៊ីល ឬគ្រាប់រ៉ុក្កែតបានធ្វើឱ្យបុគ្គលិកអាមេរិករងរបួសនៅឯមូលដ្ឋានមួយក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាប្រទេសដែលក្រុមគាំទ្រដោយអ៊ីរ៉ង់ ធ្លាប់បានប្រយុទ្ធជាមួយកងកម្លាំងសហរដ្ឋអាមេរិកទៀតផង ។

សហរដ្ឋអាមេរិក ក៏បានលើកឡើងឲ្យដឹងដែរថា ខ្លួនបានកំណត់គោលដៅមីស៊ីលដែលក្រុមឧទ្ទាម ហួធី (Houthi) គាំទ្រដោយអ៊ីរ៉ង់ ក្នុងប្រទេសយ៉េមែន កំពុងតម្រង់ចូលទៅក្នុងសមុទ្រក្រហម ដែលបានហៅថា ជាការគំរាមកំហែងដល់ការដឹកជញ្ជូនតាមផ្លូវទឹក ។

គេបានដឹងថា ជម្លោះនៅក្នុងតំបន់ហ្គាហ្សា បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា នៅគ្រាដែលក្រុមសកម្មជនហាម៉ាស់បានសម្រុកចូលទៅតំបន់ការពារព្រំដែន ដើម្បីវាយប្រហារមូលដ្ឋាន និងទីប្រជុំជនរបស់អ៊ីស្រាអ៊ែល ដោយបានសម្លាប់មនុស្សអស់ជាង១.២០០នាក់ និងចាប់ធ្វើជាចំណាប់ខ្មាំងជាង២០០នាក់ថែមទៀតផង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top