ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់អនុសាសន៍ណែនាំ ឲ្យគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្ដារ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតគុណភាពផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី ភារៈកិច្ចរបស់ខ្លូនឲ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព សុក្រិត្យភាព និងក្រមសីលធម៌ ជាមន្រ្តីនគរបាលយត្តិធម៌ នៅពេលចុះត្រួតពិនិត្យគុណភាពសំណង់ផ្លូវ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ធានាបានការប្រើប្រាស់យូរអង្វែងក្នុងការជំរុញសេដ្ឋកិច្ចនៅតំបន់ជនបទ ឲ្យមានការកើនឡើងយ៉ាងឆាប់រហ័ស។
ការណែនាំនេះធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្រ្តី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការអនុវត្តការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្ដារ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតគុណភាពផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ ។
ការបង្កើតគណៈកម្មការ គ.ត.វ នេះឡើងក្នុងគោលបំណងដើម្បីពង្រឹងលើការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ការជួសជុល និងស្ថាបនាឡើងវិញ ធានាបានចីរភាពក្នុងការប្រើប្រាស់ ពិសេសគឺមានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ។ គណៈកម្មការនេះក៏មានតួនាទីត្រួតពិនិត្យវត្ថុធាតុដើម មុនយកទៅប្រើប្រាស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសំណង់សិល្បការ្យជនបទនានា៕