ភ្នំពេញ ៖ លោក ទូច សុឃៈអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានអះអាងថា ក្រសួងមហាផ្ទៃ និងសហការជាមួយគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងបើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយពីបញ្ហាបង្កគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ។
ការលើកឡើងរបស់លោកនេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងញឹកញាប់ពេកក្នុងមួយរយៈពេលចុងក្រោយនេះ ។ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃ២០ មករា បង្កដោយបុរសម្នាក់ ធ្វើការនៅក្រសួងសេដ្ឋកិច្ច ធ្វើឲ្យមនុស្ស៤នាក់ ស្លាប់ដែលអ្នកស្លាប់ទាំង៤ នោះសុទ្ធតែជាយុវជន និងយុវវ័យ កំពុងពេញកំលាំងរៀនសូត្រនិងធ្វើការ ។
លោក ទូច សុឃៈ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាព្រឹកថ្ងៃ២២ មករា ថា គ្រោះថ្នាក់ចរាចរណ៍ដែលជាឃាតករ លាក់មុខបានសម្លាប់ ពលរដ្ឋកម្ពុជា ក្នុង១ឆ្នាំៗខ្ទង់២ពាន់នាក់នោះ ដូច្នេះដើម្បីសម្រាលបន្ទុក កុំឲ្យបញ្ហានេះកើតឡើងបន្តបន្ទាប់ និងកាត់បន្ថយបានខ្លះផងនោះ ក្នុងនាមជាលោកឧបនាយករដ្ឋមន្រ្តី ស សុខា ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ច្បាស់ណាស់ពិតជារួមសហការគ្នាធ្វើការផ្សព្វផ្សាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីបង្កាទប់ស្កាត់ឲ្យពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ថែមទៀត ។
លោកថា “ដូចនេះត្រូវធ្វើការរួមគ្នា ទៅលើយន្តការនៃការផ្សព្វផ្សាយ អប់រំដើម្បីទប់ស្កាត់បង្កាដល់បងប្អូនប្រើប្រាស់ដងផ្លូវ និងយាន្តទាំងអស់មានឆ្វេងយល់ គ្រប់ជ្រុងគ្រប់ជ្រោយ” ។
ក្នុងនោះ គោលដៅ នៅតាមសាលារៀន ក៏ជាផ្នែកមួយយកជាកន្លែងអប់រំ ដល់សិស្សានុស្សផងដែរ ក្រោយពីលោកឧបនាយករដ្ឋមន្រ្តី ស សុខា មានគម្រោង សហការជាមួយក្រសួងអប់រំ ។ នេះជាការបន្ថែមទៀតរបស់លោក ទូច សុឃៈ ។
លោកក៏បានរំលឹកផងដែរថា ចំពោះអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមានមនុស្សស្លាប់ត្រូវតែវាយខ្នោះភ្លាមៗតែម្តង ។
លោកបនាយករដ្ឋមន្រ្តី ស សុខា បានចាត់ទុកឆ្នាំ២០២៤នេះ ជាឆ្នាំនៃការឈានចូលបន្ទាប់ក្រហម ហើយពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ ប្រសិនបើនៅឆ្នាំ២០២៤ គ្រប់ភាគីពាក់ព័ន្ធមិនបានបង្កើនសកម្មភាព ជាពិសេសការគោរព និងអនុវត្តច្បាប់ ឲ្យបានខ្ជាប់ខ្ជួនទេនោះ អត្រាអ្នកស្លាប់ដោយឃាតករលើដងផ្លូវមួយនេះ នឹងបន្តកើនឡើង លើសពីចំនួន២០០០នាក់ពុំខានឡើយ ខណៈឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានស្លាប់ មនុស្សចំនួន១៩៥២នាក់ ៕