ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំ ស្តីពីប្រព័ន្ធ ប្រកាសអាសន្នជាមុន ពីគ្រោះមហន្តរាយធម្មជាតិនានា ជាមួយប្រតិភូតំណាងក្រុមការងារ ហានិភ័យពីអាកាសធាតុ និងប្រព័ន្ធ ប្រកាសអាសន្នជាមុន (CREWS- Climate Risks and Early Warning Systems) អង្គការឧតុនិយមពិភពលោក (WMO) និងតំណាងមជ្ឈមណ្ឌល គ្រប់គ្រងគ្រោះមហន្តរាយអាស៊ី (ADPC) ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រ និងទម្រង់ប្រតិបត្តិការនាពេលអនាគត ដែលជាផ្នែកដ៏សំខាន់មួយ នៃការងារឧតុនិយម និងជលសាស្ត្រ។
លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ គណៈប្រតិភូក្រុម ការងារ CREWS, WMO និង ADPC ដែលបានមកបំពេញ ទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាចូលរួម កិច្ចប្រជុំពិភាក្សាលម្អិត ជាមួយក្រុមការងារ និង មន្រ្តីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមពាក់ព័ន្ធនឹង ការផ្តល់សេវាឧតុនិយម និងការព្យាករអាកាសធាតុ ក្នុងបរិបទប្រទេសកម្ពុជា និងបរិបទ នៃការប្រែប្រួលអាកាសធាតុសកល។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបប្រាប់កិច្ចប្រជុំថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ និងជាប្រទេសងាយរងគ្រោះពីហានិភ័យ នៃគ្រោះធម្មជាតិ ជាពិសេសទឹកជំនន់នារដូវវស្សា គ្រោះរាំងស្ងួតនារដូវប្រាំង ខ្យល់ព្យុះនិង ខ្យល់កន្រ្តាក់ជាដើម។ ជាក់ស្តែង ពេលបច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងជួបប្រទះគ្រោះរាំងស្ងួតនិងប្រឈមការខ្វះទឹកស្រោចស្រពដំណាំស្រូវ ក្នុងពេលប្រជាកសិករបង្កបង្កើនផលស្រូវរដូវប្រាំងលើសផែនការកំណត់ ដែលតំបន់ខ្លះធ្វើលើសផែនការពី ២ទៅ៣ដង ។
ទោះបីជាយ៉ាងណា លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងធនធានធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងនៅមូលដ្ឋានភូមិឃុំ ក្រោមការដឹកនាំប្រកបដោយភាពបត់បែន ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងខិតខំយ៉ាងសស្រាក់សស្រាំក្នុងការអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវរដូវប្រាំងរបស់ប្រជាកសិករ ដែលកំពុងប្រឈមខ្វះទឹក សំដៅជួយកាត់បន្ថយនូវការខូចខាតឱ្យបានជាអតិបរមា។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីមានប្រសាសន៍ថា វត្តមានរបស់ CREWS នាឱកាសនេះ នឹងជួយដល់កិច្ចសហការ ក្នុងវិស័យឧតុនិយម ឱ្យកាន់តែមានភាពល្អប្រសើរឡើង លើការព្យាករឧតុនិយម ទាំងរដូវវស្សា និងរដូវប្រាំង ជាពិសេស ការពង្រឹងលើប្រព័ន្ធប្រកាសអាសន្ន និងការជូនដំណឹងជាមុន ដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្ន ឈានទៅកាត់បន្ថយបាននូវគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការ ខាតបង់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ពិភពលោកទាំងមូលបាននិងកំពុងប្រឈមចំពោះការប្រែប្រួលអាកាសធាតុដែលបង្កជាការឡើងកម្តៅនៃភពផែនដី ការកើនឡើងនីវ៉ូទឹកសមុទ្រ និងការជ្រាបចូល នៃទឹកប្រៃ (SEA level rise and Salinity intrusion) ដែលនឹងជះឥទ្ធិពល លើជីវិតទាំងអស់ ដែលមាននៅលើភពផែនដី ជាពិសេស មនុស្ស សត្វ និងរុក្ខជាតិ ដែលផលវិបាកនៃការប្រែប្រួលអាកាសធាតុ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ពីគ្រប់ដៃគូពាក់ព័ន្ធ ជាពិសេសស្ថាប័ន រដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា ស្វែងរកដំណោះស្រាយរួម និងឈានទៅកាត់បន្ថយបានគ្រោះ មហន្តរាយធម្មជាតិទាំងនេះ។
ជាចុងក្រោយ លោករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូន ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបន្តកិច្ចពិភាក្សាកម្រិត បច្ចេកទេសជាមួយ សមាជិក សមាជិកា CREWS, WMO និង ADPC ព្រមទាំងសម្របសម្រួល ដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តត្បូងឃ្មុំ និងប្រទេសឡាវ នាពេលបន្ទាប់ ដើម្បីស្វែងយល់ និងប្រមូលនូវធាតុចូល សំដៅរៀបចំផែនការនិងស្នើគម្រោងសាកល្បងថ្នាក់តំបន់ឱ្យទទួលបានជោគជ័យ និងផ្លែផ្កាត្រចះត្រចង់ ជាប្រយោជន៍ដល់ប្រជាជនងាយរងគ្រោះ។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នាពេលកន្លងមកបានធ្វើកិច្ចសហការជាមួយអង្គការ CREWS លើគម្រោងមួយចំនួនដូចជា៖ ទី១) វគ្គបណ្តុះបណ្តាលមន្ត្រី នាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេពីការផលិតផែនទីហានិភ័យគ្រោះរាំងស្ងួត និងទឹកជំនន់ ទី២) វគ្គបណ្តុះបណ្តាលពីការព្យាករ ធាតុអាកាស ផលប៉ះពាល់និង ការផ្តល់ព័ត៌មានជាមុន ទី៣) វគ្គបណ្តុះបណ្តាល ពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ទិន្នន័យអាកាសធាតុនិងជលសាស្ត្រ និងដំឡើងSoftware ប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅលើServer នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និង ទី៤)គម្រោងអភិវឌ្ឍប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងផ្តល់ដំណឹងជាមុន នៅអាងស្ទឹងព្រែកត្នោត ស្ទឹងសែន និងស្ទឹងពោធិ៍សាត់ ៕