ព័ត៌មានជាតិ

ថ្នាក់ដឹកនាំជាន់ខ្ពស់ Church of Jesus Christ ប្ដេជ្ញាចិត្ត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់វិស័យ សុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោក Elder Dale G.Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃ Church of Jesus Christ បានប្ដេជ្ញាចិត្ត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់វិស័យ សុខាភិបាលនៅកម្ពុជា។

ក្នុងជំនួបនេះ លោក Elder Dale G.Renlund បានគោរពជម្រាបសម្ដេចធិបតី ដោយសង្ខេបនូវសកម្មភាព ការងាររបស់ Church of Jesus Christ ដែលផ្ដោតជាសំខាន់ការកិច្ចការមនុស្សធម៌ ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើការអភិវឌ្ឍន៍វិស័យសាសនា អប់រំ សុខាភិបាល និងអនាម័យទឹកស្អាត តាមមូលដ្ឋាន ។

ក្នុងឱកាសនៃជំនួបនេះដែរ លោកElder Dale G. Renlund បានគោរពជម្រាប ជូនសម្ដេចធិបតី អំពីគម្រោងកសាងមន្ទីរពេទ្យព្យាបាល ជំងឺបេះដូងមួយកន្លែង នៅក្នុងខេត្តសៀមរាប សំដៅជួយដល់ការព្យាបាល និងលើកកម្ពស់សុខមាភាព ប្រជាជនកម្ពជា ព្រមទាំងបានបង្ហាញ ពីការប្ដេជ្ញាចិត្តរបស់ Church of Jesus Christ ក្នុងការបន្តចូលរួមចំណែក លើកកម្ពស់និងគាំទ្រវិស័យសុខាភិបាល និងលើការបណ្ដុះបណ្ដាល កសាងសមត្ថភាព របស់ប្រជាពលរដ្ឋតាមសហគមន៍ នៅតាមមូលដ្ឋានផងដែរ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងក្តីរីករាយ ចំពោះលទ្ធផលដែលសម្រេចបានរបស់Church of Jesus Christ ក្នុងការគាំទ្រលើគម្រោងជាច្រើន ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងគម្រោងថ្មីៗរបស់ Church of Jesus Christ ដែលបានរួម ចំណែកលើកកម្ពស់វិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា លើការធានាឱ្យមានសេរីភាពខាងជំនឿសាសនា និងការធានានូវសុខដុមនីយកម្មខាងសាសនានៅក្នុងសង្គមកម្ពុជា។

សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលធ្លាប់បានឆ្លងកាត់ នូវប្រវត្តិសាស្ត្រដ៏ជូរចត់ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលនៅពេលនោះ របបប្រល័យពូជសាសន៍ខ្មែរក្រហម បានលុបបំបាត់ចោលទាំងស្រុង រាល់ជំនឿសាសនារបស់ប្រជាពលរដ្ឋ ។ តាមរយៈបទពិសោធន៍ដ៏ជូរចត់នេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានផ្ដោតយកចិត្តទុកដាក់លើការរក្សា នូវសុខដុមនីយកម្មផ្នែកសាសនា ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការ ទទួលបាននូវសុខសន្តិភាព និងស្ថិរភាពពេញលេញនៅកម្ពុជា ៕

To Top