ព័ត៌មានជាតិ

រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ផ្ដល់អនុសាសន៍៤ចំណុច ក្នុងការកំណត់លក្ខណៈសម្បត្តិ “ភូមិគំរូ”

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំស្ដីពី គោលការណ៍ណែនាំ ស្ដីពីការកំណត់លក្ខណៈសម្បត្តិ “ភូមិគំរូ” ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ​ ពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់នូវ អនុសាសន៍៤ចំនុច ក្នុងការកំណត់លក្ខណៈសម្បត្តិ “ភូមិគំរូ” ។

អនុសាសន៍ទាំង៤រួមមាន៖
១/ ត្រូវបន្តដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យ ភូមិគំរូ នៅទូទាំងប្រទេស
២/ ចុះពិនិត្យផ្ទាល់ភូមិគំរូ ដែលមានស្រាប់ និងកំណត់ជាចំណាត់ថ្នាក់ នៃភូមិគំរូ
៣/ សុំលើកជាផែនការ សម្រាប់អភិវឌ្ឍន៍ភូមិគំរូ
៤/ រៀបចំផែនការឱ្យបានច្បាស់ ក្នុងការជ្រើសរើសភូមិគំរូ ។

ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានធ្វើបទបង្ហាញស្ដីពី គោលការណ៍ណែនាំ ស្ដីពីការកំណត់លក្ខណៈសម្បត្តិរបស់ ភូមិគំរូ ដែលមាននិយមន័យថា គឺជាភូមិឋានដែលមានភាពសុខដុមនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ សេវាសង្គមសមស្រប ធានាបាននូវចរន្ដសេដ្ឋកិច្ច និងនិរន្ដរភាពប្រាក់ចំណូលគ្រួសារ ដោយរក្សាបាននូវធនធាន បរិស្ថាន វប្បធម៌ ដែលប្រជាពលរដ្ឋមានភាពជាម្ចាស់ និងផ្នត់គំនិតជាអ្នកដឹកនាំក្នុងការបង្កើតទស្សនវិស័យឱ្យក្លាយជាការពិត ។

ក្នុងបទបង្ហាញ បានលើកយក៥ចំណុច ផ្សេងទៀត គឺ ១-លក្ខណៈវិនិច្ឆ័យនៃភូមិគំរូ, ២-ពិនិត្យសមិទ្ធផលនៃការអភិវឌ្ឍភូមិគំរូ កន្លងមកនៅ ខេត្តគោលដៅទាំង៣, ៣-ការរៀបចំចុះពិនិត្យភូមិគំរូដោយប្រធានមន្ទីរទាំង២៥ រាជធានី ខេត្ត, ៤-ការស្រង់ទិន្នន័យភូមិនៅគ្រប់ខេត្ត និងចំណាត់ថ្នាក់ភូមិ តាមលក្ខណៈភូមិគំរូ ៥-ការលើកផែនការអភិវឌ្ឍន៍ភូមិគំរូ ។

បន្ទាប់មកលោករដ្ឋមន្ត្រី បានផ្តល់វេទិកាជូនថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីជំនាញ ក្នុងការផ្តល់ជាមតិចូលរួម ដើម្បីជាធាតុចូលបន្ថែមទៀត៕

To Top