ភ្នំពេញ៖ រុស្ស៊ី បង្ហាញការគាំទ្រចំពោះការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងបានអបអរសាទរ នៅពេលដែលគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសរើសសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលនេះជាការត្រៀមរៀបចំអ្នកបន្តវេនដ៏សមស្របមួយ។ នេះបើតាមការបញ្ជាក់ ពីលោក ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម។
នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោក ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) បានកោតសរសើរ ចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានជ្រើសរើសអ្នកបន្តវេនជាយុវជន ក្នុងការបន្តកិច្ចសហប្រតិបត្តិការគ្នា យូរអង្វែងតទៅទៀត។
មេដឹកនាំគណបក្សទាំងពីរ ក៏បានយល់គ្នាថា កិច្ចសហប្រតិបត្តិការសំខាន់នោះ គឺការកសាងច្បាប់ និងកិច្ចសហប្រតិបត្តិការល្អទាំងអស់គ្នា ដោយ សាររដ្ឋសភា និងព្រឹទ្ធសភា នៃប្រទេសយើងទាំងពីរ តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយគណបក្សដែលមានតំណាងនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភា ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសនៅពេលដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៅថ្ងៃខាងមុខសមាជិកព្រឹទ្ធសភារុស្ស៊ីនិងបន្តកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ក្នុងមិត្តភាពជិតស្និទ្ធ ដើម្បីបន្តនូវវប្បធម៌ និងការគោរពគ្នាទៅវិញទៅមកគ្រប់ជំនាន់។
ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ ក៏បានផ្ដល់ការគាំទ្រទៅលើកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាផ្សេងៗ ពាក់ព័ន្ធទៅនឹងវេទិកាធំៗ ដែលជាគំនិតផ្ដួចផ្ដើមរបស់មិត្តរុស្ស៊ី ក៏ដូចជាមិត្តផ្សេងៗទៀត នៅក្នុងសហគមន៍ប៊្រិដ (BRICS) សហគមន៍អឺរ៉ាស៊ី ក៏ដូចនៅក្នុងសហគមន៍រុស្ស៊ី-មេគង្គ ក៏ជាចំណុចដែលភាគីទាំងពីរ មានការពេញចិត្ត ក្នុងការផ្លាស់ប្ដូរនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ហើយរាជរដ្ឋាភិបាលនៃប្រទេសនីមួយៗ នឹងធ្វើការសហការគ្នា ដើម្បីពិនិត្យមើលលទ្ធភាព នៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ។
នៅចុងបញ្ចប់ មេដឹកនាំគណបក្សទាំងពីរ បានឯកភាព និងពិនិត្យមើលលើការងារណា ដែលអាចសហប្រតិបត្តិការលើកិច្ចព្រមព្រៀងចាស់ និងបង្កើននូវកិច្ចព្រមព្រៀងថ្មី ទៅតាមលទ្ធភាព និងកិច្ចព្រមព្រៀងផ្សេងទៀត អាចត្រួតពិនិត្យ ពិចារណាឡើងវិញតាមជាក់ស្ដែង៕