ព័ត៌មានជាតិ

បរិមាណត្រីនាគ ក្នុងតំបន់ស្ទឹងអារ៉ែង បន្តធ្លាក់ចុះជាលំដាប់ ដោយសារការរំខាន និងបាត់បង់ជម្រក

ភ្នំពេញ៖ បច្ចុប្បន្ននេះ បរិមាណត្រីនាគ បានបន្តធ្លាក់ចុះជាលំដាប់ បើទោះបីពុំមានអ្នកប្រមាញ់ និងពុំមានឈ្មួញមកប្រមូលទិញដូចពីមុនក៏ដោយ ហើយការធ្លាក់ចុះនេះដោយសារមានការរំខាន និងការបាត់បង់ទីជម្រក ព្រមទាំងមានអ្នកនេសាទ ចូលទៅនេសាទប្រភេទត្រីផ្សេងៗ នៅក្នុងតំបន់ទីជម្រករបស់វាថែមទៀតផង ។

យោងតាមហ្វេសប៊ុក គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ នាថ្ងៃទី២២ មករា បានឲ្យដឹងថា «ត្រីនាគ ឬត្រីតាពត» មានឈ្មោះវិទ្យាសាស្ត្រ (Scleropages formosus) និងឈ្មោះជាភាសាអង់គ្លេស Asian bonytongue មានប្រវែងដងខ្លួនអតិបរមា៩០សង់ទីម៉ែត្រ។ វាជាប្រភេទត្រីកម្រ និងជិតផុតពូជ មានរស់នៅក្នុងតំបន់ជួរភ្នំក្រវាញប៉ែកខាងត្បូង ជាពិសេសនៅតាមដងស្ទឹងអារ៉ែង ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ត្រីនាគ ជាប្រភេទត្រីរកចំណីនៅស្រទាប់លើនៃផ្ទៃទឹក។ វាស៊ីសត្វល្អិតផ្សេងៗ និងកូនត្រីជាអាហារ។ ត្រីនាគញីពេញវ័យ អាចបន្តពូជបាននៅអាយុចាប់ពី៣-៤ឆ្នាំ។ វាពងម្តងបានចាប់ពី២០-៥០គ្រាប់។ ត្រីនាគឈ្មោល មានភារកិច្ចពាំពងទាំងនោះនៅក្នុងមាត់ រយៈពេលពី ៣០-៥០ថ្ងៃ ដោយវាពុំស៊ីចំណី រហូតដល់ថ្ងៃញាស់។

យោងតាមលោក ជិត ធី រស់នៅក្នុងឃុំដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង បានឲ្យដឹងថា កាលពីទស្សវត្សរ៍ទី៩០ នៅតាមដងស្ទឹងអារ៉ែង ពិតជាសម្បូរត្រីនាគរស់នៅច្រើន។ ជិត ធី គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកភូមិដទៃទៀតដែលសកម្មក្នុងការប្រមាញ់កូនត្រីនាគ នៅក្នុងស្ទឺងអារ៉ែង ដើម្បីយកទៅលក់ឲ្យឈ្មួញមកពីប្រទេសជិតខាង។ ជិត ធី និយាយថា «ខ្ញុំដើរប្រមូលចាប់កូនត្រីនាគនៅតាមដងស្ទឹងអារ៉ែង រួចដឹកតាមម៉ូតូយកទៅលក់ឲ្យឈ្មួញដែលរង់ចាំទទួលទិញ នៅស្រុកស្រែអំបិល ក្នុងមួយជើង បានចំនួនចាប់ពី ១០០-២០០ក្បាល»។

ឆ្នាំ២០០១ អង្គការអភិរក្សអន្តរជាតិ Conservation International (CI) បានមកដល់តំបន់ស្ទឹងអារ៉ែងនេះ។ ក្នុងឆ្នាំ២០០២-២០០៣ អង្គការមួយនេះ បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកធ្លាប់ដើរប្រមូលចាប់ត្រីនាគទាំងអស់ នៅក្នុងភូមិឲ្យបង្វែរទិសពីការប្រមាញ់កូនត្រីនាគយកទៅលក់ មកជាការដើរល្បាតការពារ ដើម្បីអភិរក្សត្រីនាគវិញ។ ទោះយ៉ាងណាបច្ចុប្បន្ន បរិមាណត្រីនាគបានបន្តធ្លាក់ចុះជាលំដាប់ បើទោះបីពុំមានអ្នកប្រមាញ់ និងពុំមានឈ្មួញមកប្រមូលទិញដូចពីមុនក៏ដោយចុះ។ លោក ជិត ធី បានដាក់ការសង្ស័យថា អាចមានកសិដ្ឋានណាអាចបង្កាត់ភ្ញាស់កូនត្រីនាគ ទទួលបានជោគជ័យហើយ ទើបឈ្មួញមិនដើរប្រមូលទិញដូចពីមុនទៀត។ «ខ្ញុំធ្លាប់ឮគេនិយាយប្រាប់ថា កូនត្រីនាគដែលកើតចេញពីការបង្កាត់ភ្ញាស់ ធន់នឹងជំងឺ ងាយចិញ្ចឹមក្នុងទូរកញ្ចក់ មានអត្រារស់ខ្ពស់ជាងកូនដែលចាប់ពីធម្មជាតិ» នេះជាការបញ្ជាក់របស់ ជិត ធី។

មានកត្តាជាច្រើន ដែលបណ្តាលឱ្យបរិមាណត្រីនាគ ធ្លាក់ចុះជាលំដាប់នេះ ដូចជា៖ មានការរំខាន និងការបាត់បង់ទីជម្រក។ មានអ្នកនេសាទ ចូលទៅនេសាទប្រភេទត្រីផ្សេងៗ នៅក្នុងតំបន់ទីជម្រករបស់វា។ ត្រីនាគពេញវ័យបន្តពូជ ត្រូវជាប់មងរបស់អ្នកនេសាទដោយចៃដន្យជារៀងរាល់ថ្ងៃ បើទោះបីពួកគាត់ពុំបានដាក់គោលដៅ និងមានបំណងចាប់ត្រីនាគ ក៏ដោយចុះ។ ត្រីនាគ ជាប្រភេទត្រីរកស៊ីនៅស្រទាប់លើនៃផ្ទៃទឹក វាស៊ីសត្វល្អិតនៅលើផ្ទៃទឹក សត្វល្អិតទុំលើមែកឈើប៉ប្រ៉ះផ្ទៃទឹក និងកូនត្រីផ្សេងៗ ដូច្នេះហើយ ទើបវាងាយនឹងជាប់មងរបស់អ្នកនេសាទណាស់។ ម្យ៉ាងទៀត វាជាប្រភេទត្រីបង្កកំណើតបានតិចតួច ដោយវាអាចទម្លាក់ពងម្តង បានត្រឹមតែ ២០-៥០គ្រាប់ ប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ស្ទឹងអារ៉ែង គឺជាស្ទឹងមួយដែលទទួលបានរបបទឹកពីជួរភ្នំក្រវាញ លាតសន្ធឹងក្នុងឃុំចំនួន៣ គឺ ឃុំជំនាប់ ឃុំប្រឡាយ និងឃុំចំណារ ក្នុងភូមិសាស្ត្រស្រុកថ្មបាំង។ ស្ទឹងអារ៉ែង ហូរចាក់ចូលទៅក្នុងសមុទ្រ ឆ្លងកាត់តាមស្ទឹងត្រពាំងរូង និងព្រែកខ្លងយ៉ៃ ក្នុងខេត្តកោះកុង។ តំបន់ស្ទឹងអារ៉ែង គឺជាព្រៃត្រូពិកដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ជាទីជម្រកនៃពពួកសត្វព្រៃ និងជីវចម្រុះកម្រ និងជិតផុតពូជ ជាច្រករបៀងមួយ ក្នុងចំណោមច្រករបៀងសម្រាប់សត្វដំរីទាំងប្រាំពីរ របស់អាស៊ី ហើយក៏ជាជម្រកចុងក្រោយនៅលើពិភពលោក សម្រាប់សត្វក្រពើត្រី ឬក្រពើភ្នំ និងសត្វអណ្តើកហ្លួង។ តំបន់ស្ទឹងអារ៉ែង ក៏ធ្លាប់ត្រូវបានរងផលប៉ះពាល់ ដោយការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការបរបាញ់សត្វព្រៃផងដែរុះ៕

To Top