ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ក្រមសីលធម៌របស់អ្នកសារព័ត៌មាន មានសារៈសំខាន់បំផុតក្នុងការកំណត់នូវបទដ្ឋាន និងកម្រិតនៃលំហអនុវត្តក្នុងវិស័យព័ត៌មាន ដើម្បីរក្សាបាននូវតម្លៃ និងមូលដ្ឋានរឹងមាំនៃទំនុកចិត្ត តាមរយៈការគោរពប្រតិបត្តិត្រឹមត្រូវរបស់ប្រតិបត្តិករគ្រប់រូបក្នុងវិស័យនេះ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់ ក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយ និងផ្សព្វផ្សាយព័ត៌មានអំពីសង្គមជាតិ និងការបង្ហាញអំពីតថភាពសង្គម និងការអភិវឌ្ឍ។
សម្ដេចធិបតី បន្ដថា ជាក់ស្តែង ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសកន្លងមក, វិស័យព័ត៌មានបានរួមចំណែក ដោយផ្អែកលើមុខងារសំខាន់ៗ ដូចជា៖ ទី១. ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ, ទី២. បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល, ទី៣. ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង, ទី៤. ជាឆ្មាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់, និងទី៥. ចូលរួមកែលម្អសង្គម តាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូល ក្នុងការរៀបចំគោលនយោបាយ, ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បន្តទៀតថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្ត ទុកដាក់ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត នូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន, សេរីភាពនៃបោះពុម្ពផ្សាយ, សេរីភាពនៃការការបញ្ចេញមតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវធ្វើបរិវត្តកម្មឌីជីថល ដើម្បីធានានូវវិសាលភាពនៃការផ្សាយគ្របដណ្តប់បានទូទាំងប្រទេស ឱ្យបានលឿន រហ័ស និងមានគុណភាពខ្ពស់ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់បញ្ជាក់ថា «ក្រមសីលធម៌របស់អ្នកសារព័ត៌មាន ពិតជាមានសារៈសំខាន់បំផុតក្នុងការកំណត់នូវបទដ្ឋាន និងកម្រិតនៃលំហអនុវត្តក្នុងវិស័យព័ត៌មាន ដើម្បីរក្សាបាននូវតម្លៃ និងមូលដ្ឋានរឹងមាំនៃទំនុកចិត្ត តាមរយៈការគោរពប្រតិបត្តិត្រឹមត្រូវរបស់ប្រតិបត្តិករគ្រប់រូបក្នុងវិស័យនេះ។ ជាពិសេស មន្ត្រីសារព័ត៌មានតាមបណ្តារាជធានី ខេត្តត្រូវដើរតួជាអ្នកសាធារណ:មតិ ប្រកបដោយភាព បុរេសកម្មជាប្រចាំ ដើម្បីផ្សព្វផ្សាយនូវសមិទ្ធផលវិជ្ជមានដែលរាជរដ្ឋាភិបាល រដ្ឋបាលរាជធានី ខេត្តបានកសាង និងសម្រេចបាន ជូនដល់ប្រជាពលរដ្ឋឱ្យមានភាពកក់ក្តៅជាមួយស្នាដៃដែលបានកសាង និងសម្រេចបាន ទាំងនេះ»៕