ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃ២៣ មករា នេះ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ នគរបាលជាតិ ត្រូវពង្រឹងការពិនិត្យឡើងវិញ នូវជាតិអាល់កុល ដល់អ្នកបើកបរយាន្តយន្តគ្រប់ប្រភេទ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ខណៈថ្មីនេះ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាញឹកញាប់ ធ្វើឲ្យមនុស្សស្លាប់ ជាហូរហែរដែលភាគច្រើន សុទ្ធតែជាធនធានមនុស្សរបស់ជាតិ ។
សម្តេចថា ជាក់ស្តែងដូចជាកីឡាករជម្រើសជាតិ ផ្នែកវាយសី ត្រូវមានអនាគត វែងឆ្ងាយ ប៉ុន្តែត្រូវស្លាប់មួយរំពេច ដោយសារតែការធ្វេសប្រហែល មកពីអ្នកបើកបរក្នុងល្បឿនលឿន ។ ជាមួយគ្នានេះដែរ សម្តេចថា ប៉ុន្មានថ្ងៃមកនេះ ក៏មានគ្រោះថ្នាក់មួយកើតឡើង យ៉ាងភ្ញាក់ផ្អើលធ្វើឲ្យយុវជន និងយុវនារី៤នាក់ស្លាប់ភ្លាមៗផងដែរ ដែលកើតឡើងពីអ្នកបើកបរ ដោយមានជាតិស្រវឹងក្នុងខ្លួន៕
