ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ណែនាំអភិបាល រាជធានី-ខេត្ត ត្រូវតាមដានព័ត៌មាន ដើម្បីដោះស្រាយបញ្ហា ទាន់ពេលវេលា

ភ្នំពេញ ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្ត ទៅដល់អភិបាលរាជធានី-ខេត្ត ត្រូវតាមដានព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហា ទាន់ពេលវេលា។

នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការ កត់សម្គាល់ថា ក្រសួង ស្ថាប័នមួយចំនួន បានតាមដានព័ត៌មាន ដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួន រហូតឈានទៅដោះស្រាយបញ្ហា បានទាន់ពេលវេលា និងចំពោះមុខផងដែរ។

សម្ដេចធិបតី មានប្រសាសន៍ថា «ខ្ញុំសូមឱ្យអភិបាលរាជធានី-ខេត្ត ក៏ដូចជាប្រធានស្ថាប័នទាំងអស់ គឺត្រូវប្រើវិធានការហ្នឹងឱ្យបានច្រើន ជាពិសេសអ្វីដែលពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ខ្លួន គឺត្រូវចាត់ចែងកិច្ចការឱ្យលឿន ព្រោះជួនកាលចាំតែលិខិតបទដ្ឋាន របាយការណ៍ពីក្រោមវាយូរ ហើយជួនកាលរបាយការណ៍ពីក្រោមតាមនីតិវិធីរដ្ឋបាល គឺវាផ្អូមបាត់ហើយ ឬរឿងដែលតូចក្លាយជារឿងធំបាត់ទៅហើយ»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេច បន្ដថា មិនត្រូវប្រើប្រព័ន្ធឌីជីថល ដើម្បីតែទទួលព័ត៌មាននោះទេ ប៉ុន្ដែត្រូវប្រើដើម្បីទទួលបានព័ត៌មាន និងដោះស្រាយបញ្ហា។

សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងថា ក្នុងរយៈពេល ៥ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ សម្ដេច បានធ្វើកិច្ចការ និងដោះស្រាយបញ្ហាជាច្រើន តាមរយៈការទទួលបានព័ត៌មាន តាមបណ្ដាញផ្សព្វផ្សាយសង្គម៕

To Top