ព័ត៌មានជាតិ

កម្ពុជា-ប្រ៊ុយណេ ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងការបណ្តុះបណ្តាល ធនធានមនុស្ស

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតប្រុយណេប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញ និងគាំទ្រគ្នាទៅវិញទៅមកចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារក្នុងកម្រិតទ្វេភាគី និងកម្រិតតំបន់អាស៊ាន។ បន្ថែមពីនេះភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហាររូបករណ៍កម្រិតបច្ចេកទេសវិជ្ជាជីវៈដល់សិស្សកម្ពុជា និងកិច្ចសហការតាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិតទៅវិញទៅមក ក៏ដូចជាកម្មវិធីបណ្តុះបណ្តាលឆ្លាស់រវាងស្ថាប័នជំនាញរបស់ប្រ៊ុយណេ និងកម្ពុជាដើម្បីជំរុញ និងពង្រឹងសមត្ថភាពសិស្សបច្ចេកទេសនៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលប្រ៊ុយណេដែលតែងតែផ្តល់កិច្ចសហការលើគ្រប់វិស័យជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឋានៈជាមិត្តល្អក្នុងតំបន់អាស៊ាន៕

To Top