ព័ត៌មានជាតិ

កម្ពុជា នឹងបន្តពង្រឹងទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-រុស្ស៊ី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) បានប្រកាសថា ក្នុងនាមជាប្រធានសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី កម្ពុជានឹងបន្តពង្រឹងបន្ថែមទៀត នូវទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ជាពិសេសការអនុវត្តន៍ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តភាពជាដៃគូ​អាស៊ាន​-​រុស្ស៊ី​(២០២១-២០២៥)។

ការប្រកាសនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំតុមូលអន្តរគណបក្ស តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “តួនាទីគណបក្ស នយោបាយរុស្ស៊ី និងបណ្តាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយយុត្តិធម៌”ដែលរៀបចំឡើង ដោយគណបក្សរុស្ស៊ីរួបរួម និងមានការអញ្ជើញចូលរួម ពីតំណាងជាន់ខ្ពស់ នៃគណបក្សកុម្មុយនីស្តវៀតណាម គណបក្ស Golkar របស់ឥណ្ឌូនេស៊ី គណបក្សប្រជាជនបដិវត្តន៍ឡាវ គណបក្សអង្គការជាតិម៉ាឡេ រួបរួម (UMNO) គណបក្សសហភាពសាមគ្គីភាពនិងអភិវឌ្ឍន៍របស់មីយ៉ាន់ម៉ា និងគណបក្សភឿថៃ នៅរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំតុមូលនេះ បានពិភាក្សាអំពីហានិភ័យ និងភាពផុយស្រួយ ដែលពិភពលោកបាននិងកំពុងជួប ប្រទះ ដោយសារបញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី ដែលកើតឡើងនៅក្នុងតំបន់នានា និងពិភពលោក។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ គណបក្សទាំងអស់បានអំពាវនាវ ឱ្យមានការលើកកម្ពស់ការគោរព គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ការដោះស្រាយជម្លោះដោយសន្តិវិធី ការគោរពអធិបតេយ្យ និងសិទ្ធិស្វ័យសម្រេច របស់ប្រជាជាតិនានា បញ្ចៀសការដាក់ទណ្ឌកម្មជាឯកតោភាគី ការជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសដទៃ និងគាំទ្រដល់ប្រព័ន្ធពហុភាគីនិយម ដែលសេរី បើកចំហរ មានតម្លាភាព បរិយាប័ន្ន យុត្តិធម៌ និងផ្អែកលើច្បាប់៕

To Top