ព័ត៌មានជាតិ

គណបក្សកាន់អំណាច នៅកម្ពុជា ប្រកាសគាំទ្រភាពជាដៃគូ មហាតំបន់អាស៊ី-អឺរ៉ុប ដែលផ្តួចផ្តើមដោយរុស្ស៊ី

" "

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ដែលជាគណបក្សកំពុងកាន់អំណាចនៅកម្ពុជា បានប្រកាសគាំទ្រភាពជាដៃគូ មហាតំបន់អាស៊ី-អឺរ៉ុប (Greater Eurosian Partnership) ដែលផ្តួចផ្តើមដោយរុស្ស៊ី និងបានស្នើឱ្យមានការ តភ្ជាប់គំនិតផ្តួចផ្តើមនេះជាមួយប្រទេសនៅក្នុងតំបន់ទន្លេមេគង្គ តាមរយៈការរួមចំណែក ធនធានបន្ថែម (ការវិនិយោគសាធារណៈ និងវិស័យឯកជន) ក្នុងវិស័យថាមពលស្អាត និងថាមពលករកើតឡើងវិញ។

ការប្រកាសនេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគី តាមប្រព័ន្ធវីដេអូ រវាង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងលោក ឌីមីទ្រី មេដវេឌវ ប្រធានគណបក្សរុស្ស៊ីរួបរួម (URP) និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ីកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

" "

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ជំនួបទ្វេភាគីនេះ ធ្វើឡើង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរ និងបញ្ហាដែលជាក្ដីកង្វល់រួម ក្នុងន័យពង្រឹងទស្សនទានរួម ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងពិភពលោក។

" "

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព ប្រពៃណីកម្ពុជា-រុស្ស៊ី ដែលឈរលើស្មារតីនិងការគាំទ្រគ្នា ការគោរពគ្នា និងការយោគយល់គ្នាទៅវិញទៅមក។

សម្តេចតេជោ ក៏បានស្នើគណបក្សរុស្ស៊ីរួបរួមនិងរដ្ឋាភិបាលរុស្ស៊ី គាំទ្រនិងជំរុញបេក្ខភាពរបស់កម្ពុជា ជាសមាជិកសង្កេតការណ៍ របស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងជាសមាជិកថ្មីនៃគ្រួសារ – BRICS ទៅថ្ងៃអនាគត។

គណបក្សទាំងពីរ ក៏បានប្តេជ្ញាបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរជាតិនានា ដែលរួមមាន សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ការតភ្ជាប់របៀងវប្បធម៌ ការពង្រីកព្រឹត្តិការណ៍ អូឡាំពិកវប្បធម៌អាស៊ី-អឺរ៉ុប ការជំរុញធុរកិច្ចក្នុងគ្រួសារអាស៊ី។ល។

សម្តេចតេជោ ក៏បានអញ្ជើញ លោក មេដវឌវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ របស់គណបក្សរុស្ស៊ីរួបរួម មកចូលរួមកិច្ចប្រជុំមហាសន្និបាត ICAPP លើកទី១២ នៅខែវិច្ឆិកា ឆ្នាំ២០២៤ និងកិច្ចប្រជុំ ACC លើកទី៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ លោកមេដវេឌវ បាន ទទួលយកសំណើរនេះ និងបានអញ្ជើញ សម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី តាមពេលវលា សមស្របផងដែរ៕

To Top