ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញក្រុមហ៊ុនចិន ជួយពង្រឹងសមត្ថភាព នៃការបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ

ភ្នំពេញ៖លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤​ បានជំរុញឱ្យក្រុមហ៊ុន Hunan Construction Investment Group បង្កើតកិច្ចសហប្រតិបត្តិការ និងគាំទ្រការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពជំនាញ បច្ចេកទេសលើវិស័យសំណង់ និងវិស័យគ្រឿងយន្តនៅកម្ពុជា។ នេះ គឺជាលើកឡើង របស់លោករដ្ឋមន្ត្រី ក្នុងជំនួបជាមួយលោក Cai Dianwei ប្រធានក្រុមប្រឹក្សាភិបាល Hunan Construction Investment Groupដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនវិស័យឯកជនចិន ពីភាពចាំបាច់ក្នុងការពង្រឹងគុណភាព និងសមត្ថភាពនៃកម្មវិធីបណ្តុះបណ្តលជំនាញបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១.៥លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាល។ ដើម្បីឱ្យកម្មវិធីនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ការជួយជ្រោមជ្រែងលើកកម្ពស់ លើកកម្រិតកម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូឧទ្ទេស គឺជាកត្តាចាំបាច់ដែលក្រសួងត្រូវការការចូលរួមពីដៃគូ។ នេះបើតាមលោករដ្ឋមន្ត្រីដដែល។

ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាភិបាល Hunan Construction Investment Group ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដែលជាចំណុចគន្លឹះមួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។

ក្រៅពីនេះ លោក Cai Dianwei ក៏បានលើកឡើងពីវឌ្ឍនភាពនៃសង្គមកម្ពុជាដែលរីកចម្រើនយ៉ាងច្រើនលើគ្រប់វិស័យមិនថាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងវិស័យផ្សេងៗដែលមានភាពប្រទាក់ក្រឡាក្នុងការអូសទាញការវិនិយោគពីបរទេស។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក​ ហេង សួរ បានគូសបញ្ជាក់ទៅកាន់ប្រធានក្រុមប្រឹក្សាភិបាល Hunan Construction Investment Groupថា ក្រសួងបានត្រៀមខ្លួន រួចជាស្រេច ចំពោះដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យក្រុមហ៊ុន អាចទទួលបានជោគជ័យ ក្នុងករណីដែលមានការបោះទុន ឬសហការក្នុងវិនិយោគនៅកម្ពុជា៕

To Top