ព័ត៌មានជាតិ

សម្ដេចធិបតី ៖ កងទ័ពកម្ពុជា នៅតែបន្ដចូលរួមជាមួយ UN ថែរក្សាសន្ដិភាព នៅលើពិភពលោក

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា កងទ័ពកម្ពុជានៅតែបន្ដសកម្មភាពចូលរួមជាមួយអង្គការសហប្រជាជាតិ (UN) ដើម្បីថែរក្សាសុខសន្ដិភាព នៅតាមបណ្ដាប្រទេសផ្សេងៗក្នុងពិភពលោក ព្រោះកម្ពុជាយល់យ៉ាងច្បាស់អំពីផលលំបាកនៃសង្គ្រាម។

នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្ដេចធិបតី មានប្រសាសន៍ថា កម្ពុជា នៅតែបន្តរក្សាជំហរបញ្ជូនកងកម្លាំងចូលរួមសកម្មភាពថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

សម្ដេចធិបតីបន្តថា «ការលើកកម្ពស់កិត្តិយសជាតិ កងទ័ពជើងគោកយើងក៏បានចូលរួមក្នុងការបំពេញបេសកម្ម នៅក្រោមឆ័ត្រអង្គការសហប្រជាជាតិជាមួយបណ្ដាអង្គភាពផ្សេងៗ ដែលបំពេញភារកិច្ចមិនត្រឹមត្រូវ តែការពារសុខសន្ដិភាពសុខប្រទេសយើង បានជួយការការពារសុខសន្ដិភាព ក្នុងប្រទេសផ្សេងៗទៀត»។

សម្ដេចធិបតីរំលឹកថា កាលពីសម្ដេចទស្សនកិច្ចនៅបារាំង មានសំណូមពរបន្ថែមទៀតឲ្យកម្ពុជាពិចារណា បញ្ជូនកងទ័ពដោយសារកងទ័ពកម្ពុជាមានកេរ្តិ៍ឈ្មោះ និងកិត្តិយស ក្នុងការទៅរក្សាសន្ដិភាពនៅបណ្ដាប្រទេសនានា។

សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ប៉ុន្ដែរដ្ឋធម្មនុញ្ញរបស់យើងមាត្រា៥៣ បានបញ្ជាក់ថា កងទ័ពយើងមិនអនុញ្ញាតឲ្យមានមូលដ្ឋាន នៅខាងក្រៅប្រទេស បើគ្មានក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ចឹងយើងបន្ដចូលរួមជាមួយយុទ្ធការរបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមក្នុងការថែរក្សាសុខសន្ដិភាព នៅតាមបណ្ដាប្រទេសផ្សេងៗទៀត។ យើងយល់អំពីផលលំបាកនៃសង្គ្រាម យើងយល់អំពីភាពវេទនារបស់ប្រជាពលរដ្ឋ ដោយសារសង្គ្រាម»។

សូមរំលឹកថា គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន៨៤៧៥នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជាង ៨០០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

To Top