ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កំណែទម្រង់កងទ័ពត្រូវតែផ្អែកលើមូលដ្ឋាននៃស្មារតីជាតិនិយម ហើយធ្វើយ៉ាងណាការកែទម្រង់នេះ កុំឲ្យបាត់អត្តសញ្ញាណ និងស្មារតីក្នុងការការពារជាតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ។
ក្នុងពិធីអបអររំលឹកខួបលើកទី២៥ ថ្ងៃបង្កើតកងទ័ពជើងគោក នៃកងយោថពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) នាថ្ងៃទី២៤ មករានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមក កងទ័ពជើងគោកកម្ពុជាបានធ្វើកំណែទម្រង់ជាច្រើន ដើម្បីឈានឆ្ពោះទៅជាកងទ័ពមួយ ដែលចេញពីសមាហរណកម្ម ថែរក្សានូវការបង្រួបបង្រួមគ្នា ទៅជាកងទ័ពមួយដែលមានស្មារតីរឹងមាំ ជាជាតិតែមួយ ហើយពង្រឹងសមត្ថភាពខ្លួន ដើម្បីការពារជាតិ ការពារទឹកដី និងការពារសុខសន្តិភាពប្រជាពលរដ្ឋ ។
សម្ដេចធិបតីបន្ថែមថា ក្នុងដំណាក់កាលបច្ចុប្បន្ន និងទៅអនាគត ដែលហៅថា ដំណាក់កាលបន្តកសាងសង្គមជាតិ និងកំណែទម្រង់ពីឆ្នាំ២០២៣ ទៅថ្ងៃអនាគត រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ត្រូវដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីបន្តពង្រឹងនូវសមិទ្ធផលផ្សេងៗ និងកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន ក្នុងនោះការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កងកម្លាំងនគរបាលជាតិ កងកម្លាំងនៃកងយោធពលខេរភូមិន្ទ ក៏ត្រូវជាកម្លាំងស្នូល ក្នុងការថែរក្សាបរិស្ថាន ដើម្បការអភិវឌ្ឍ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «កំណែទម្រង់កងទ័ព ត្រូវផ្អែកលើមូលដ្ឋាន នៃស្មារតីជាតិនិយម ។ នេះជាកិច្ចការដែលយើងត្រូវធ្វើ កែយ៉ាងម៉េចក៏ដោយ កុំឲ្យបាត់អត្តសញ្ញាណ និងស្មារតីក្នុងការការពារជាតិ ការស្មោះត្រង់ដាច់ខាតចំពោះជាតិ និងប្រជាជន នេះហើយជាមូលដ្ឋាន និងស្មារតីនៃការធ្វើកំណែទម្រង់កងទ័ពរបស់យើង នេះគឺត្រូវធ្វើឲ្យបានការពារជាតិ សាសនា និងព្រះមហាក្សត្រ និងថែរក្សាសុខសន្តិភាព ឲ្យបានជាដាច់ខាត ។ ចឹងកែទម្រង់ទំនើបកម្មយ៉ាងណា ក៏ដោយត្រូវផ្អែកលើមូលដ្ឋាននេះឯង ពង្រឹងកម្លាំងជាតិ ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន ការពារឲ្យបានជាដាច់ខាត នូវសុខសន្តិភាព ស្ថេរភាព ជូនប្រទេសជាតិ និងប្រជាជនរបស់យើង» ។
សម្ដេចលើកឡើងថា សុខសន្តិភាព ត្រូវថែរក្សាឲ្យបានទោះក្នុងតម្លៃណាក៏ដោយ ហើយស្ថេរភាពសង្គម សន្តិសុខសម្រាប់ពលរដ្ឋ ក៏ជារឿងចាំបាច់ដែលត្រូវតែធ្វើ ដើម្បីធានាបរិស្ថាន ក្នុងការអភិវឌ្ឍជាតិ ប្រកបដោយចីរភាព និងបរិយាប័ន្ន ធ្វើឲ្យពលរដ្ឋមានភាពកក់ក្ដៅ មានលទ្ធភាព ប្រកបរបរចិញ្ចឹមជីវិត និងចូលរួមជាកម្លាំងពលកម្ម របស់ជាតិ ។
សម្ដេចប្រមុខរាជរដ្ឋាភិបាលថ្លែងថា ក្នុងតួនាទីរបស់កងទ័ពត្រូវបន្តកំណែទម្រង់ និងបង្កើនសមត្ថភាព ដើម្បីធានាប្រសិទ្ធភាព ប្រតិបត្តិការបានជោគជ័យ ក្នុងរយៈពេលវែង ។
សម្ដេចគូសបញ្ជាក់ថា ការងារស្នូលរបស់កងទ័ពជើងគោក ជាមួយកម្លាំងគ្រប់ប្រភេទទាំងអស់របស់ជាតិ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិ ។ សម្ដេចថា «កងទ័ពគឺជាកម្លាំងមួយដែលអាចធ្វើឲ្យផ្ទុះសង្គ្រាម ឬមួយក៏រក្សាសន្តិភាព ជាកម្លាំងស្នូលធំណាស់» ។
សម្ដេចធិបតីលើកឡើងទៀតថា គ្រប់បណ្ដាប្រទេសដែលអនុវត្តចលនាបះបោរផ្សេងៗ មិនផ្លាស់ប្ដូរតាមលទ្ធិប្រជាធិបតេយ្យ គឺភាគច្រើនប្រើប្រាស់កងទ័ព ហើយជាក់ស្ដែងកម្ពុជាខ្លួនឯង ការផ្លាស់ប្ដូរតាមរយៈរដ្ឋប្រហារបានធ្វើឲ្យវេទនា ៕