ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា កម្ពុជាគ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណាទេ ការបំពាក់ និងការធ្វើទំនើបកម្មយុទ្ធោបករណ៍ គ្រាន់តែពង្រឹងសមត្ថភាពការពារជាតិប៉ុណ្ណោះ ។
ក្នុងពិធីរំលឹកខួបលើកទី២៥ ថ្ងៃបង្កើតកងទ័ពជើងគោក នៃកងយោថពលខេមរភូមិន្ទ នាថ្ងៃទី២៤ មករា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «កម្ពុជាគ្មានមហិច្ឆតារំលោភ ឈ្លានពានអ្នកណាទេ កម្ពុជាពង្រឹងសមត្ថភាពកាពារជាតិរបស់ខ្លួន ជាសិទ្ធិរបស់កម្ពុជា ដូចជាប្រទេសទាំងអស់ នៅលើពិភពលោក គ្មានប្រទេសណាមួយដែលមានច្បាប់ហាមឃាត់ មិនឲ្យធ្វើទំនើបកម្ម ការពារជាតិរបស់ខ្លួនទេ សមត្ថភាពកងទ័ពរបស់យើង ពង្រឹងដើម្បីចូលរួមក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពទាំងក្នុងក្របខណ្ឌកម្ពុជាផ្ទាល់ និងក្របខណ្ឌតំបន់ បើសិនជាមានស្ថានភាពអ្វីកើតឡើង ឧទាហរណ៍ ឧក្រិដ្ឋកម្ម ភេរវកម្ម ឬបញ្ហាដែលកើតមានឡើង ត្រូវការការចូលរួមរបស់កម្ពុជា យើងចូលរួមជួយ» ។
សម្ដេចធិបតីបន្ថែមថា ជាក់ស្ដែងកម្លាំងមួកខៀវរបស់កម្ពុជា បានបញ្ជូនទៅបំពេញបេសកកម្ម ថែរក្សាសន្តិភាព ក៏ដូចជាសកម្មភាពដោះមីន ក្រោមឆត្រអង្គការសហប្រជាជាតិ ។ សម្ដេចថា គ្រឿងបំពាក់ជាការពិត គឺអង្គការសហប្រជាជាតិជាអ្នកជួយ ប៉ុន្តែបើមិនបង្កើនសមត្ថភាពកងទ័ពទេ គឺមិនទៅសមាហរណកម្មជាមួយកម្លាំងគេរួចទេ ។
សម្ដេចគូសបញ្ជាក់ថា បើសមត្ថភាពកងកម្លាំងមិនខ្លាំង គេមិនហៅទ័ពកម្ពុជាទៅចូលរួមបំពេញបេសកកម្ម ចូលរួមថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទេ ។
សម្តេចធិបតីថ្លែងថា កម្ពុជាមានសិទ្ធិក្នុងការពង្រឹងសមត្ថភាពកងទ័ព ដូចបណ្តាប្រទេសផ្សេងៗដែរ ហើយកម្ពុជាគ្មានបំណងទៅបង្កើតសង្រ្គាមជាមួយអ្នកណានោះទេ។ សម្តេចថា កម្ពុជា ធ្វើទំនើបកម្មកងទ័ពនេះ ក៏ដើម្បីចូលរួមក្នុងការថែរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផងដែរ ៕