ភ្នំពេញ៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ សូចនាករ ផែនការយុទ្ធសាស្រ្ដ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ទីស្ដីការក្រសួង និងនៅតាមបណ្ដា មន្ទីរអភិវឌ្ឍន៍ជនបទ រាជធានីខេត្ត ចូលរួមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។

ក្នុងឱកាសនៃពិធីបើកកិច្ចប្រជុំ លោករដ្ឋមន្ដ្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំអនុវត្តការងារយ៉ាងខ្ជាប់ខ្ជួ នប្រកបដោយប្រកបដោយឆន្ទៈ ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យសម្រេចបាន នូវសមិទ្ធផលគួរជាទីមោទក ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្រោមការដឹកដ៏ឈ្លាសវៃ និងបញ្ញាញាណ របស់សម្តេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល ក្នុងនីតិកាលកន្លងមក ។


លោករដ្ឋមន្ដ្រី បានបន្ដថាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ដ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដោយបានកំណត់ចក្ខុវិស័យគឺ “កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដើម្បីធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារ នៅជនបទប្រកបដោយចីរភាព និងមានសុខុមាលភាព កាន់តែល្អប្រសើរឡើង តាមរយៈ ការដាក់ចេញនូវផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ ដែលប្រែក្លាយទៅជាកម្មវិធីអាទិភាពចំនួន ៥។ កម្មវិធីអាទិភាពនេះ នឹងចូលរួមអនុវត្តនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែល មានបាវចនា ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅត្រឹមឆ្នាំ២០៥០។


ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើ និងផ្ដល់អនុសាសន៍ ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការបំពេញការងារ ដែលមានខ្លឹមសារដូចខាងក្រោម៖
១/ ថ្នាក់ដឹកនាំទាំងអស់ ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខ និងស្ថានភាពធ្វើការរបស់មន្ដ្រី និងគិតគូដល់ការលើកទឹកចិត្ត មន្ដ្រីតាមរយៈការផ្ដល់ប័ណ្ណសរសើរ គ្រឿងឥស្សរិយយស ការផ្ដល់តួនាទី និងមធ្យោបាយផ្សេងៗ ក្នុងនោះត្រូវផ្ដល់អាទិភាព ដល់ស្រ្ដីក្នុងការផ្ដល់តួនាទី ជាថ្នាក់ដឹកនាំនៅតាមអង្គភាពនីមួយៗ។
២/ ត្រូវប្រកាន់ខ្ជាប់ នូវភាពយុត្តិធម៌ មិនប្រកាន់បក្ខពួក មានតម្លាភាព ក្នុងការអនុវត្តតួនាទី ភារកិច្ចក្នុងអង្គភាព។
៣/ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវផ្លាស់ប្ដូរឥរិយាបថ ផ្នត់គំនិត របៀបរបបក្នុងការបំពេញការងារ ជាពិសេស ត្រូវខិតខំអភិវឌ្ឍសមត្ថភាពខ្លួនតាមជំនាញ និងជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឌីជីថល ដើម្បីធានាការអនុវត្តការងារ មានប្រសិទ្ធភាព ឆ្លើយតបទៅនឹងនិន្នាការ នៃការវិវត្ដសង្គម និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
៤/ បន្ដជំរុញការងារ ផ្សព្វផ្សាយសកម្មភាព និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ដល់សាធារណជនទូទៅ តាំងពីដើមអាណត្តិរហូតទៅ។
៥/ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ នាយកដ្ឋានជំនាញ និងមន្ទីរក្រោមឱ្យវាទ ត្រូវយកចិត្តទុកដាក់ និងខិតខំអនុវត្តផែនការយុទ្ធសាស្ដ្រ របស់ក្រសួងនេះ ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។

កិច្ចប្រជុំ បានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់៕
