ភ្នំពេញ ៖ នៅក្នុងអនុសាសន៍ណែនាំ៥ចំណុច លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីចំណុះក្រសួងទាំងអស់ត្រូវប្រកាន់ខ្ជាប់ នូវភាពយុត្តិធម៌ មិនប្រកាន់បក្ខពួក មានតម្លាភាព ក្នុងការអនុវត្តតួនាទី ភារកិច្ចក្នុងអង្គភាព។


ការផ្ដាំនិងណែនាំនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យសូចនាករ ផែនការយុទ្ធសាស្រ្ដ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

ក្រៅពីនេះ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការបំពេញការងារ លោកឆាយ ឫទ្ធិសែន ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនទៀត ដូចខាងក្រោម៖
១/ ថ្នាក់ដឹកនាំទាំងអស់ ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខ និងស្ថានភាពធ្វើការរបស់មន្ដ្រី និងគិតគូដល់ការលើកទឹកចិត្ត មន្ដ្រីតាមរយៈការផ្ដល់ប័ណ្ណសរសើរ គ្រឿងឥស្សរិយយស ការផ្ដល់តួនាទី និងមធ្យោបាយផ្សេងៗ ក្នុងនោះត្រូវផ្ដល់អាទិភាព ដល់ស្រ្ដីក្នុងការផ្ដល់តួនាទី ជាថ្នាក់ដឹកនាំនៅតាមអង្គភាពនីមួយៗ។
២/ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវផ្លាស់ប្ដូរឥរិយាបថ ផ្នត់គំនិត របៀបរបបក្នុងការបំពេញការងារ ជាពិសេស ត្រូវខិតខំអភិវឌ្ឍសមត្ថភាពខ្លួនតាមជំនាញ និងជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឌីជីថល ដើម្បីធានាការអនុវត្តការងារ មានប្រសិទ្ធភាព ឆ្លើយតបទៅនឹងនិន្នាការ នៃការវិវត្ដសង្គម និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
៣/ បន្ដជំរុញការងារ ផ្សព្វផ្សាយសកម្មភាព និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ដល់សាធារណជនទូទៅ តាំងពីដើមអាណត្តិរហូតទៅ។
៤/ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ នាយកដ្ឋានជំនាញ និងមន្ទីរក្រោមឱ្យវាទ ត្រូវយកចិត្តទុកដាក់ និងខិតខំអនុវត្តផែនការយុទ្ធសាស្ដ្រ របស់ក្រសួងនេះឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព៕

