ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួង នគរបាលវៀតណាម ប្ដេជ្ញាបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ក្នុងការកសាងធនធាន មនុស្សតាមរយៈការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរសិក្ខាកាម នៃប្រទេសទាំងពីរ លើវិស័យសន្តិសុខជាតិ និង សណ្តាប់ធ្នាប់សាធារណៈ ។
ក្នុងជំនួបពិភាក្សា ការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួង នគរបាលវៀតណាម បានបង្ហាញជំនឿ យ៉ាងមុតមាំថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី កម្ពុជានឹងសម្រេច បាននូវសមិទ្ធផល យ៉ាងត្រចះត្រចង់បន្ថែមទៀត ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្ត របស់ភាគីវៀតណាម ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរស់រវើកបន្ថែមទៀត ជាពិសេសលើផ្នែកនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាពហុភាគី។
លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការបន្តពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខជាតិ ការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន ការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល រវាងក្រសួង នគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា តាមរយៈការ ចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍លើវិ័ស័យឌីជីថលនេះ ដោយសារវៀតណាមក៏បាន និងកំពុងមានកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថលនេះ ជាមួយនឹងសិង្ហបុរី និងម៉ាឡេស៊ីផងដែរ ។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ និង ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាលវៀតណាម ជាពិសេសកិច្ចប្រតិបត្តិការ ក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសផ្សេងៗទៀតផងដែរ ។
ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏ស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យឌីជីថល ដែលភាគីវៀតណាម នឹងចែករំលែកនូវបទពិសោធន៍នេះ ជាមួយនឹងក្រសួងមហាផ្ទៃកម្ពុជាផងដែរ ។
សម្តេចធិបតី និងលោករដ្ឋមន្ត្រី ក៏បានស្វាគមន៍ ចំពោះការបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ក្នុងការកសាងធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរសិក្ខាកាម នៃប្រទេសទាំងពីរលើវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ៕