ព័ត៌មានជាតិ

ពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់វ៉ាក់សាំង បង្ការជំងឺគ្រុនឈាម ដែលពុំទាន់​ បានការទទួលស្គាល់ពីអង្គការ សុខភាពពិភពលោក

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលពុំទាន់បានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក។

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៤ មករា បានឲ្យដឹងថា បច្ចុប្បន្ននេះ មានបណ្ដាញទំនាក់ទំនងសង្គម និងបុគ្គលមួយចំនួន កំពុងធ្វើការផ្សព្វផ្សាយឱ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺឈាមឈ្មោះ Qdenga ។

ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺ គ្រុនឈាមឈ្មោះ Qdenga កំពុងស្ថិតក្នុង ដំណាក់ កាលសិក្សាទី ៣ នៃដំណាក់កាលសិក្សាសរុបទាំង ៤ នៅឡើយ។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក (WHO) និង នាយកដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA ) ក៏មិនទាន់ទទួល ស្គាល់វ៉ាក់សាំង Qdenga នៅឡើយដែរ។ ក្នុងខណៈនេះអង្គការសុខភាពពិភពលោក (WHO) ក៏បានព្រមានអំពីការប្រើប្រាស់ Qdenga ចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាមកន្លងមក វ៉ាក់សាំងនេះដើរតួនាទីជាការចម្លងជំងឺគ្រុនឈាមលើកទី១ ហើយនៅពេលបុគ្គលនេះកើតជំងឺគ្រុនឈាមម្ដងទៀត វាក្លាយទៅជាការកើតជំងឺគ្រុនឈាមលើកទី២ ដែលអាចនឹងវិវត្តទៅរកជំងឺគ្រុនឈាមធ្ងន់ធ្ងរ ។

បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ adenga មិនទាន់ត្រូវបានចុះបញ្ចិកា នៅក្នុងប្រទេសកម្ពុជានៅឡើយ។ ទន្ទឹមនឹងនោះក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជន ស្វែងយល់ និងបន្តការយកចិត្តទុកដាក់ក្នុង ការថែទាំសុខភាពដោយមធ្យោបាយសមស្រប ដែលមានការអនុញ្ញាត ដោយក្រសួងសុខាភិបាល។

ជាមួយគ្នានេះ ដើម្បីបង្ការការចម្លងជំងឺគ្រុនឈាម ក្រសួង សុខាភិបាល សូមអំពាវនាវដល់សាធារណជន រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវ ទឹកនៅតាមទីកន្លែង ដែលមានទឹកដក់ ដូចជា សំបកកង់ឡាន ម៉ូតូ ពាង សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងទៀត។ ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលនៅតាមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ជាបន្ទាន់៕

To Top