ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធការងារប្រចាំខែ និងលើកទិសដៅបន្តរបស់ខ្លួន ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្ត្រីតាមបណ្តានាយកដ្ឋាន និងបណ្តាមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) ផងដែរ។
ក្រោយពីស្តាប់ការអានសេចក្តីព្រាងរបាយការណ៍ ដោយ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរួចមក លោករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិភាក្សា ដោយទទួលបានធាតុចូល ជាច្រើនពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ដើម្បីធ្វើឱ្យរបាយការណ៍ មានភាពកាន់តែគ្រប់ជ្រុងជ្រោយ និងសុក្រិតភាព។
ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍បន្ថែម ក្នុងការបន្តអនុវត្តការងារ របស់នាយកដ្ឋានជំនាញ ទៅតាមអាទិភាពទាំង ៤ ដើម្បីសម្រេចឱ្យបាននៅទិសដៅរបស់ខ្លួន។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពចំណុះទីស្ដីការក្រសួង និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំបំពេញការងារនាពេលកន្លងមក បានយ៉ាងល្អ និងសកម្ម ដែលធ្វើឱ្យក្រសួងសម្រេចបានសមិទ្ធផល និងស្នាដៃជាច្រើន ជាពិសេសនៅអាណត្តិថ្មីនេះ។
លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា យោងតាមសមិទ្ធផលដែលមានស្រាប់ យើងត្រូវខិតខំបង្កើនស្នាដៃបន្ថែមទៀតជូនជាតិ និងរាជរដ្ឋាភិបាលកម្ពុជា៕