ព័ត៌មានជាតិ

យុវជនជាតិដើមភាគតិច រំពឹងនឹងបើកអាជីវកម្ម បន្ទាប់ពីរៀនជំនាញ វិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ យុវជនជនជាតិដើម ភាគតិចព្នង ខេត្តរតនគិរី បានលើកឡើងថា ខ្លួនមានក្តីសង្ឃឹមខ្ពស់ ក្នុងការបើកអាជីវកម្មដោយខ្លួនឯង បន្ទាប់ពីរូបគេបានបញ្ចប់ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ផ្នែកជំនាញសេវាកម្ម សម្អាងកាយដែលជាជំនាញមួយ ដែលមានទីផ្សារការងារល្អ សមរម្យនៅក្រុងបានលុង ខេត្តរតនគិរី។

យុវតីជាជនជាតិដើមភាគតិតព្នង កច ស៊ីវ៉ន មកពីក្រុងបានលុង ខេត្តរតនគិរីបានលើកឡើងថា៖«ខ្ញុំបានជ្រើសរើសយក ជំនាញសម្អាងកាយ។ ខ្ញុំសម្រេចចិត្តជ្រើសរើស ជំនាញនេះពីព្រោះខ្ញុំមានគោលបំណង ដ៏ធំមួយគឺបើកកន្លែងរកស៊ីដោយខ្លួនឯង បន្ទាប់ពីសិក្សាជំនាញ ចប់នៅរយៈពេល៤ខែខាងមុខ» ។

យុវតីជនជាតិដើមភាគតិច ព្នងរូបនេះបន្ថែមថា ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺមានសារសំខាន់ណាស់ សម្រាប់យុវជនដែលជាជាតិដើមភាគតិច ពីព្រោះពួកគាត់ អាចសិក្សា ជំនាញរយៈពេលខ្លី ហើយអាចមានជំនាញ មួយច្បាស់លាស់ក្នុងការប្រកបរបរ និងស្វែងរកការងារ ធ្វើនៅក្នុងក្រុងបានលុងនេះជាដើម ។ ជនជាតិដើមភាគតិចគ្មានជំនាញទេនាពេលកន្លងមក សម្រាប់ខេត្តរតនគិរីជនជាតិដើម ភាគតិចពឹងផ្អែកការ អាស្រ័យផលតាមបែបប្រពៃណី។

យុវតីជនជាតិដើមភាគតិចថា៖ «ដូចខ្ញុំចឹង! ខ្ញុំអត់ដែលមានជំនាញអ្វីទេ ។ ខ្ញុំបានធ្វើការឱ្យគេច្រើនឆ្នាំដែរ រហូតមកទល់ពេលនេះ ខ្ញុំបានចាប់ឱកាសក្នុងការរៀនជំនាញ ដោយឥតគិតថ្លៃ របស់រាជរដ្ឋាភិបាល ដែលរៀនសេវាសម្អាងកាយ រយៈពេល៤ខែ ។ វាមានន័យថា ខ្ញុំនឹងមានជំនាញសម្អាង កាយមួយច្បាស់លាស់សម្រាប់ជីវិតខ្ញុំ ។ វាជាឱកាសល្អណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំនឹងក្លាយជាពលរដ្ឋមានជំនាញ»។

យុវតីរូបនេះបន្តថា ការបណ្តុះបណ្តាលជំនាញ សេវាកម្មសម្អាងកាយនៅមជ្ឃមណ្ឌលវិជ្ជាជីវៈខេត្តរតនគិរី គឺមានការចាប់អារម្មណ៍ណាស់ ពីព្រោះការរៀន ដោយភ្ជាប់ជាមួយនិង ការអនុវត្តន៍ផ្ទាល់ បូករួមទាំងទ្រឹស្តីនៅក្នុងថ្នាក់ពីសំណាក់គ្រូបង្រៀនដ៏ល្អ និងមានបទពិសោធន៍។ សិក្សាជំនាញនេះ ជាងមួយសប្តាហ៍សង្ឃឹម អាចបញ្ចប់ទៅដោយមានគុណភាព និងចំណេះជំនាញ ។

លោក សែម ប៉ាត នាយក នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគីរី បានលើកឡើងថា ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី បានចាប់អារម្មណ៍ លើជំនាញ សម្អាងកាយជាងគេ ក្នុងចំណោម ជំនាញទាំង៥ របស់មជ្ឈមណ្ឌល វិជ្ជាជីវៈបានដាក់ចេញ សម្រាប់កម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាល។

បើតាមលោក សែម ប៉ាត មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគីរី ទទួលបានយុវជមកដែលជាជនជាតិដើមភាគតិច ចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសប្រមាណ៦១នាក់ ភាគច្រើនបងប្អូនជនជាតិ ទាំងនោះមកពីជនជាតិព្រៅ កាវ៉ែត ទំពួន គ្រឹង ចារ៉ាយ កាចក់ និងឡាវ ។ ពួកគេភាគច្រើន បានចុះឈ្មោះចូលរៀនជំនាញសម្អាងកាយ និងបន្ទាប់មកទៀតមាន មុខជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ដំឡើងបណ្ដាញអគ្គីសនី សេវាកម្មសម្អាងកាយ និងសេវាកម្មកាត់សក់ ៕

To Top