យូអិន៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា រុស្ស៊ីបានអំពាវនាវ ឱ្យមានកិច្ចប្រជុំបន្ទាន់មួយ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បន្ទាប់ពីការទម្លាក់យន្តហោះរុស្ស៊ី ដែលដឹកទាហានអ៊ុយក្រែន ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក លោក Lavrov បានលើកឡើងថា ទីក្រុងម៉ូស្គូ បានស្នើសុំកិច្ចប្រជុំមួយនៅម៉ោង ៣រសៀល កាលពីថ្ងៃពុធ ប៉ុន្តែជាក់ស្តែងការប្រជុំមិនត្រូវបានកំណត់ពេលវេលានោះទេ។
លោក Lavrov បានបន្ដថា យន្តហោះដឹកជញ្ជូន IL-76 របស់រុស្សីបានធ្លាក់ ដោយមានទាហានអ៊ុយក្រែន ៦៥នាក់ ដែលចាប់បាននៅលើនោះ រួមជាមួយនឹងមន្រ្តីរុស្ស៊ី ៣នាក់ និង សមាជិកនាវិក ៦នាក់ ។ មនុស្សទាំងអស់នៅលើយន្តហោះ បានស្លាប់ដោយសារអ្វី ដែលលោកបានលើកឡើងថា ការវាយប្រហារភេរវកម្មដោយអ៊ុយក្រែន ។
លោក Lavrov បានបន្ថែមថា កាំជ្រួចការពារដែនអាកាស ដែលបាញ់ដោយអ៊ុយក្រែន ពីតំបន់ Kharkiv បានទម្លាក់យន្តហោះនៅតំបន់ Belgorod ។ យន្តហោះ IL-76 កំពុងដឹកទាហានអ៊ុយក្រែន ៦៥នាក់ ដែលចាប់បានពីទីក្រុងមូស្គូ ទៅកាន់ទីក្រុង Belgorod សម្រាប់ការដោះដូរអ្នកទោសសង្គ្រាម ដែលបានព្រមព្រៀងគ្នារវាងទីក្រុងមូស្គូ និងគៀវ៕
ប្រែសម្រួល ឈូក បូរ៉ា